Published on 20 Nov, 2018
(ទីស្តីការក្រសួងមហាផ្ទៃ) ៖ព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ មានបើកកិច្ចប្រជុំពិនិត្យពិភាក្សា បូកសរុបរបាយការណ៍១០ខែ (ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៨) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន នៃ គ.ជ.ប.ជ ។ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះ មាន លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ លោកជំទាវ ឧ.ឯ ប៉ុណ្ណ សំខាន់ ជាអគ្គលេខាធិការ ឯ.ឧ លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន អនុប្រធាន ក្រុមជំនួយកិច្ចការ ទាំង៦ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរដ្ឋបាល សរុបនៃ គ.ជ.ប.ជ ឯ.ឧ លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ពន្ធ័ អភិបាលរងរាជធានី/ខេត្តទាំង២៥ ដែលទទួលបន្ទុកលេខាធិការដ្ឋាន គ.រ.ប.ជ/គ.ខ.ប.ជ ស្នងការរងរាជធានី/ខេត្តទទួលផែនប្រឆាំងអំពើជួញដូរមនុស្ស និងអនីតិជន អ្នកធ្វើរបាយការណ៍រាជធានី/ខេត្ត ។
រយៈពេល១០ខែ ឆ្នាំ២០១៨ ក៏ដូចជាក្នុងរយៈពេលមុនៗ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធិភាពនៃការបង្ការ ទប់ស្កាត់ និងការដាក់ទោសទណ្ឌ លើបទល្មើសជួញដូរមនុស្ស ក្នុងទម្រង់ចាស់ថ្មី និងបានធ្វើឲ្យបទល្មើសជួញដូរមនុស្ស ថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងនេះក៏ដោយ ក៏នៅតែមានពលរដ្ឋខ្មែរបាននឹងកំពុងចូលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ជាបន្តទៀត និងជួបប្រទះហានីភ័យនានា ដូចជាការបញ្ជូនត្រឡប់មកវិញ ត្រូវឃាត់ខ្លួនដាក់ទោសទណ្ឌ រងការកេងប្រវ័ញ្ចខាតបង់ប្រាក់កាស និងពេលវេលាជាដើម។ យុវជនមួយចំនួន នៅតែចាញ់ឧបាយកលមេខ្យល់បោកប្រាស់ ដែលប្រើរូបភាពជាភ្នាក់ងារមានសមត្ថកិច្ចផ្តល់ឯកសារក្លែងក្លាយ ជាអ្នករត់ការផ្តល់ភាពស្របច្បាប់ ហើយទាមទារកម្រៃខ្ពស់ពីពលករ ឬជាអ្នកជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនទៅរកការងារក្រៅប្រទេសមានប្រាក់ខែច្រើន តែមិនពិតប្រាកដ។ ថ្មីៗនេះ រូបភាពនៃអំពើធ្វើអាជីវកម្មផ្លូវភេទ ក៏កើតឡើងនូវសកម្មភាពផលិត និងចែកចាយរូបភាព អាសអាភាសយ៉ាងអាណាធិបតេយ្យ ក្នុងគោលដៅពាណិជ្ជកម្មផ្លូវភេទ នៅតាមតំបន់ទេសចរណ៍ និងតំបន់អភិវឌ្ឍន៍ថ្មីៗ ដូចជានៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងសាយភាយទៅតាមទីជនបទមួយចំនួន។ ក្នុងឆ្នាំ២០១៨ នេះដែរ អំពើជួល “ពពោះជំនួស” ដើម្បីនាំទារកចេញឆ្លងដែនដោយខុសច្បាប់ ត្រូវបានរកឃើញ និងបង្ក្រាបក្នុងទ្រង់ទ្រាយធំមួយករណីទៀត បន្ទាប់ពីបានបង្ក្រាបករណីទី១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦៕