លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់មន្ត្រីជួរមុខតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលការពារព្រំដែន ខេត្តបាត់ដំបង

BY SOM SIVWIN

Published on 04 Jun, 2025

លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់មន្ត្រីជួរមុខតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលការពារព្រំដែន ក្នុងមូលដ្ឋានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង

កំរៀង៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់មន្ត្រីជួរមុខតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលការពារព្រំដែន ក្នុងមូលដ្ឋានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង អមដោយវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ កែវ ដាណា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី អ៉ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជំនាញពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅមណ្ឌលទទួលពលករកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ សិក្ខាកាមដែលចូលរួមមាន នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ដូង និងច្រកទ្វារអន្តរជាតិ ភ្នំដី នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរ៨១៧ និងវរ៨១៩ ខេត្តបាត់ដំបង សរុបចំនួន៣១រូប (ស្រី០១រូប) ៕


   

Official Telegram NCCT Cambodia