លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរត់ពន្ធមនុស្ស និងឧក្រឹដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ ដែលត្រូវបានរៀបចំឡើងនៅ កូឡាឡាំពួរ ប្រទេសម៉ាលេស៊ី

BY SOM SIVWIN

Published on 29 May, 2025

លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរត់ពន្ធមនុស្ស និងឧក្រឹដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ ដែលត្រូវបានរៀបចំឡើងនៅ កូឡាឡាំពួរ ប្រទេសម៉ាលេស៊ី

(ម៉ាលេស៊ី)៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ជូ​ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរត់ពន្ធមនុស្ស និងឧក្រឹដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ ដែលត្រូវបានរៀបចំឡើងនៅ កូឡាឡាំពួរ ប្រទេសម៉ាលេស៊ី ដោយការិយាល័យគាំទ្រថ្នាក់តំបន់នៃ Bali Process ដែលមានអូស្ត្រាលី និងឥណ្ឌូនេស៊ី ជាសហប្រធាន ។ នៅក្នុងកិច្ចប្រជុំនោះ តំណាងពីគណៈប្រតិភូកម្ពុជា មានឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

យោងតាមប្រសាសន៍លោកជំទាវបានលើកឡើងថា ប្រទេសចំនួន១៤ បានធ្វើបទបង្ហាញអំពីស្ថានភាព ការឆ្លើយតបប្រព័ន្ធច្បាប់ និងភាពប្រឈមដោយគ្មានប្រទេសណាមួយគេចផុតពីអំពើរត់ពន្ធមនុស្ស ដែលឈានទៅដល់អំពើជួញដូរមនុស្ស ការឆបោក និងកេងប្រវ័ញ្ចឡើយ ធៀបទៅនឹងប្រទេសដទៃ ស្ថានភាពកម្ពុជា គឺធូរស្រាលជាងប្រទេសដទៃ ។ឆ្លងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ក៏ដូចជាទិន្នន័យដែលបានមកពីការធ្វើបទបង្ហាញគណៈប្រតិភូ បានរៀនសូត្រជាច្រើនអំពីបទពិសោធន៍ភាពប្រឈម ដំណោះស្រាយ និងរកឃើញភាពខ្វះចន្លោះ ដែលចាំបាច់ត្រូវខិតខំបំពេញបន្ថែម ។

លោកជំទាវ បានបន្តលើកឡើង អំពីច្បាប់ស្តីពីអំពើរត់ពន្ធមនុស្ស ត្រូវបានព្រាងសម្រេចតាំងពីឆ្នាំ២០១៤ និងដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់ក្នុងគណៈរដ្ឋមន្ត្រីពិនិត្យតែត្រូវបានព្យួរទុករហូតដល់បច្ចុប្បន្ន ដោយមិនបានធ្វើបច្ចុប្បន្នភាព ។តាមពិតច្បាប់នេះ ជួយសម្រាលដល់ការអនុវត្តច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងកាត់បន្ថយឬសគល់នៃការឆ្លងដែនខុសច្បាប់ ដែលនាំទៅដល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ៕


   

Official Telegram NCCT Cambodia