កិច្ចប្រជុំពិភាក្សាការងាររវាង គ.ជ.ប.ជ និងក្រុមការងារនាយកដ្ឋានស៊ើបអង្កេតពិសេស(Department of Special Investigation) ហៅកាត់ថាDSI នៃក្រសួងយុត្តិធម៌របស់ថៃ
BY SOM SIVWINPublished on 07 Jun, 2018
(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ)៖ នាព្រឹកថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានកិច្ចប្រជុំពិភាក្សាការងាររវាងគ.ជ.ប.ជ និង ក្រុមការងារនាយកដ្ឋានស៊ើបអង្កេតពិសេស(Department of Special Investigation) ហៅកាត់ថា DSI នៃក្រសួងយុត្តិធម៌របស់ថៃ ។ នៅក្នុងជំនួបពិភាក្សានេះដែរ មានការចូលរួមរបស់ ឯ.ឧ លោកជំទាវ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន នៃគ.ជ.ប.ជ និងក្រុមការងារ DSI របស់ថៃ។
គួររំលឹកផងដែរថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់នាយកដ្ឋានស៊ើបអង្កេតពិសេសនៅកម្ពុជានេះ ដើម្បីជួបពិភាក្សាការងារ និងសាកសួរពត៌មានបន្ថែមជាមួយអាជ្ញាធរកម្ពុជា រួមមាន មន្រ្តីរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នគរបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនមានដូចជា ព្រះរាជអាជ្ញា មន្រ្តីសង្គមកិច្ច ដែលពាក់ព័ន្ធនិងសំណុំរឿងជូញដូរពលករនេសាទកម្ពុជា ដែលធ្វើការនៅលើទូកនេសាទថៃ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងារ DSI ថៃនេះមានបំណងស្វែងយល់ផងដែរអំពីស្ថានភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង DSI នៃក្រសួងយុត្តិធម៌ថៃ ជាមួយសមភាគីកម្ពុជាក្នុងវិស័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ បន្ទាប់ពីពិភាក្សាគ្នារួច តំណាងDSIក៏បានអញ្ចើញជួបសំណេះសំណាលសំដែងការគួរសម ជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទែ និងជាអនុប្រធានអចិន្ត្រៃយ៍ និងឯ.ឧ នាយឧត្តមសេនីយ៍ ថោង សំអាត អគ្គលេខាធិការ គ.ជ.ប.ជ និងមានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលផងដែរ ៕