ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូជាន់ខ្ពស់នៃគណៈគ្រប់គ្រងវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
BY SOM SIVWINPublished on 20 May, 2025
ទីស្តីការក្រសួងមហាផ្ទៃ៖ រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ អមដំណើរដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ។ នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន និងអនុប្រធានក្រុមជំនួយកិច្ចការទាំង៦ ប្រធាន/អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ និងនាយការិយាល័យ ចំនុះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន៣៧នាក់។ សមាសភាពប្រតិភូឥណ្ឌូនេស៊ីអញ្ជើញពី គណៈគ្រប់គ្រងនៃគណៈប្រតិភូវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្លាម៉ិត ហាឌី ស៊ូប្រាប់តូយ៉ូ (SlametHadi Supraptoyo, S.H., М.Н.) តំណាងប្រធានការិយាល័យ វិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលមន្រី្តជាន់ខ្ពស់នគរបាលជាតិឥណ្ឌូនេស៊ី រួមនិងមន្រ្តីនគរបាលជាន់ខ្ពស់ ក្រុមមន្រ្តីជំនាញនៃប្រទេសឥណ្ឌូនេស៊ី សរុបចំនួន៣៥នាក់ ។
គោលបំណង នៃទស្សនកិច្ចនៅពេលនេះ គឺភាគីទាំងពីរបានស្វែងយល់ ចង់ដឹងនូវព័ត៌មាន នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលមានដូចជា ការដោះស្រាយបញ្ហា ការបញ្ជូន និងការទទួល ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ ដែលអនុវត្តទៅតាមទិដ្ឋភាពច្បាប់ ឬការអនុត្តតាមច្បាប់នៃប្រទេសកម្ពុជា ។
ក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កម្ពុជា គឺទទួលស្គាល់ថា ចំពោះបទល្មើសអំពើជួញដូរមនុស្ស គឺធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏កម្ពុជាមិនដែលព្រងើយកន្ដើយនោះឡើយ គឺតែងតែចង់បង្ក្រាប និងជួយសង្គ្រោះ ជនរងគ្រោះជានិច្ច ឲ្យតែទទួលបាននូវព័ត៌មាន ជាមួយនឹងវិធានការអនុវត្តយ៉ាងតឹងរឹងនូវច្បាប់ដែលមាន ។ ក្នុងជំនួបនេះផងដែរ ប្រធានប្រតិភូសាធារណរដ្ឋឥណ្ឌូនេស៊ី លោកឧត្តមសេនីយ៍ទោ ស្លាម៉ិត ហាឌី ស៊ូប្រាប់តូយ៉ូ បានលើកឡើងថាសុវត្ថិភាព គឺជារឿងចម្បងមួយដែលសំខាន់ ហើយចំពោះសុខសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា គឺខុសពីអ្វីដែលគណៈប្រតិភូឥណ្ឌូនេស៊ីបានគិតពីមុន ព្រោះពេលមកដល់កម្ពុជាឃើញថាសន្តិសុខមានភាពល្អប្រសើរ ហើយនៅពេលត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ នឹងផ្សព្វផ្សាយពីដំណឹងនេះ ទៅកាន់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ខណៈគណៈប្រតិភូបានចាត់ទុកថា កម្ពុជាដូចជាផ្ទះរបស់ខ្លួន ៕