Published on 08 Aug, 2024
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសម្ដេចក្រឡាហោម ស ខេង ទីស្ដីការក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៤ របស់គណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួង ស្ថាប័ន ជាសមាជិក ឯកឧត្តម លោកជំទាវ អភិបាល នៃគណះអភិបាលខេត្ត និងជាប្រធានគណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ១០៩រូប ស្រី ៣៨រូប ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសកម្មភាពនៃការអនុវត្តរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន១០៤ករណី កើនចំនួន ១៧ករណី ស្មើនឹង១៦,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ លោកជំទាវ បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការទាំងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន១៣៤នាក់បញ្ជូនទៅតុលាការ និងសង្គ្រោះជនរងគ្រោះបានចំនួន២៩០នាក់ ក្នុងនោះករណីជួញដូរមនុស្សមានជនរងគ្រោះចំនួន២២ករណី កើនឡើង១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៤នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន៨២ករណី កើន៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១០០នាក់ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពក្នុងកំឡុងពេល៦ខែ ដើមឆ្នាំ២០២៤ តាមបណ្តាក្រុមការងារទាំង៦ ក៏ដូចជាតាមបណ្តាក្រសួងស្ថាប័ន និងពិភាក្សាអំពីចំនុចប្រឈម ខ្វះខាត ដែលត្រូវកែលម្អ និងធ្វើឲប្រសើរឡើងដោយត្រូវមានការទទួលខុសត្រូវរួមគ្នា ។ បញ្ហានៃអំពើជួញដូរមនុស្ស នៅគ្រប់ប្រទេសលើពិភពលោក ដែលមិនអាចក្រសួងស្ថាប័នតែមួយ ឬប្រទេសតែមួយណាអាចធ្វើបានទេ វាមានភាពប្រទាក់ក្រឡា និងប្រទាញប្រទង់គ្នា និងមានចរិតជាឧក្រឹដ្ឋកម្មឆ្លងដែន ដែលមានការចាត់តាំងជាបណ្តាញដ៏ស្មុគស្មាញ។ កិច្ចប្រជុំនេះផងដែរ បានផ្តោតលើរបៀបវីរៈពីរ គឺការដាក់ឆ្លងរបាយការណ៍ឆមាសទី១ ស្តីពីសកម្មភាពនិងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤។ អង្គប្រជុំបានឯកភាពលើរបាយការណ៍ ដោយទទួលបានការណែនាំពីឯកឧត្តមប្រធាន គ.ជ.ប.ជ ឱ្យពង្រឹងរចនាសម្ព័ន្ធរបៀបរបបការងារ និងបញ្ជូនរបាយការណ៍ឱ្យទាន់ពេលវេលា ។ របៀបវីរៈទី២ គឺបទពិសោធន៍ និងភាពប្រឈមនៃការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីការពារសុវត្ថិភាព និងសន្តិសុខកាត់បន្ថយបទល្មើសឆ្លងដែនជាពិសេសអំពើជួញដូរមនុស្ស និងស្កេមអនឡាញ ។ អភិបាលចំនួនបី គឺអភិបាលខេត្តកោះកុង បាត់ដំបង និងបន្ទាយមានជ័យ បានធ្វើបទអន្តរាគមន៍ និងត្រូវបានរកឃើញនូវចន្លោះខ្វះខាត ដែលឯកឧត្តមអភិសន្តិបណ្ឌិតបានណែនាំប្រគល់ភារកិច្ចជូនលោកជំទាវអនុប្រធានអចិន្រ្តៃយ៍ ឱ្យរួមសហការគ្នាពិនិត្យពិភាក្សារិះរកវិធានការក្នុងការកែលម្អ និងពង្រឹងការងារនេះនៅគ្រប់ច្រកទាំងផ្លូវការ និងមិនផ្លូវការ ។
ឯកឧត្តមអភិសន្តិសណ្ឌិត ប្រធានគ.ជ.ប.ជ ក៏ជំរុញផងដែរឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារបង្ការទប់ស្កាត់ និងបង្រ្កាប ជួយដល់ជនរងគ្រោះឲ្យទាន់ពេលវេលា។ ឯកឧត្តមក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖ មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម ។ឯកឧត្តម បានណែនាំឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ដឹកនាំ និងមន្រ្តី នៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងនោះ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជាពិសេសពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះ និងខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមានមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម ៕