រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាបន្តការប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកតិការ សញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម

BY SOM SIVWIN

Published on 23 May, 2022

រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាបន្តការប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកតិការ សញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម

 

ភ្នំពញ៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២  ប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ មានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងជាអនុប្រធានក្រុមការងារការពារជនរងគ្រោះ នៃគ.ជ.ប.ជ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល បានអញ្ជើញ មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាសុវត្ថិភាព ក្រោយពីបានចូលរួមក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវទេសន្តរប្រវេសន៍អន្តរជាតិ (International Migration Review Forum: IMRF)  នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

 

ប្រតិភូតំណាងកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះមានលោកជំទាវ   ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលការចាត់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូអន្តរក្រសួងមួយក្រុម ដែលមានតំណាងពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួល និងចូលរួមយ៉ាងសកម្មពីលោក កែ សុវណ្ណ ឯកអគ្គរាជទូត ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិផងដែរ។

ជាលទ្ធផល លោកជំទាវ  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ   បានគូសបញ្ជាក់អំពីសកម្មភាព ដែលសម្រេចបាន ក្រោយចូលរួមវេទិកានេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន១៩៥ លើពិភពលោកបានចូលរួម ។ កម្ពុជា ក្នុងនាមជាប្រទេសជ័យលាភី មួយក្នុងចំណោម ប្រទេស៣៣ក្នុងពិភពលោក នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ បានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃកិច្ចប្រជុំនេះ និងបានត្រឡប់មកវិញដោយសុវត្ថិភាព ។ លោកជំទាវ បានបញ្ជាក់ចំពោះសារព័ត៌មានថា មានកិច្ចប្រជុំអង្គការសហប្រជាជាតិដែលហៅថា ជាព្រឹត្តិការណ៍អម ចំនួន២៣ផ្សេងទៀត ដែលក្រុមនៃប្រទេស ឬជាកិច្ចសហការរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ឬអង្គការឯកទេស ជាមួយប្រទេសមួយចំនួន ត្រូវបានរៀបចំឡើងទន្ទឹមនឹងកិច្ចប្រជុំរួមនេះ។ ក្នុងនោះបានផ្តោតលើប្រធានបទពាក់ព័ន្ធ ជុំវិញការអនុវត្ត គោលបំណងអាទិភាពទាំង២៣ របស់កតិការសញ្ញាពិភពលោក ដែលរួមទាំងបទពិសោធន៍ល្អៗ ភាពប្រឈម ដំណោះស្រាយ និងអនុសាសន៍ឬសំណូមពរផ្សេងៗ ដែលអាចធ្វើឲ្យដំណើរការ នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពី "ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់"  ប្រព្រឹត្តិទៅបានជោគជ័យក្នុងការការពារ សិទ្ធិ និងផលប្រយោជន៍ជនទេសន្តរប្រវេសន៍ ។

 

គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួន ដែលពាក់ព័ន្ធនឹងជម្រើសជាអាទិភាពរបស់កម្ពុជា និងបានចូលរួមផ្តល់បទពិសោធន៍ និងធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកតិការសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម។

បទពិសោធន៍របស់កម្ពុជា បានធ្វើឲ្យបណ្តាប្រទេសអបអរសាទរ និងកោតសរសើរជាខ្លាំង។ទន្ទឹមនឹងនោះ គណៈប្រតិភូនៃប្រទេស ក្រូអាត បង់ក្លាដេស កាណាដា ព្រុយណេដារូសាឡឹម បានស្នើសុំជួបជាទ្វេភាគី ដើម្បីបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសឲ្យរួចផុតពីគ្រោះមហន្តរាយដោយកូវីដ-១៩ បានឆាប់រហ័ស និងធ្វើឲ្យដំណើការសេដ្ឋកិច្ចសង្គម ប្រព្រឹត្តទៅបានដោយរលូនជាថ្មី។

 

ទន្ទឹមនឹងនោះ ភាពជាអ្នកដឹកនាំអាស៊ានប្តូរវេនរបស់កម្ពុជា ក៏ជាឱកាសដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាតំបន់ ហើយប្រទេសទាំងនោះ មានបំណងពង្រឹងកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសិក្សាធិការផងដែរ ។ ក្រៅពីកិច្ចប្រជុំលើការងារខាងលើ លោកជំទាវក៏បានជួបជាមួយគណ:ប្រតិភូនៃប្រទេស ក្រូអាត បង់ក្លាដេស កាណាដា ព្រុយណេ ជួបសំណេះសំណាល ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ បានសម្តែងនូវការអបអរសារសាទរចំពោះកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការងារកន្លងមក ៕

 

 

 

 


   

Official Telegram NCCT Cambodia