លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយអង្គការដៃគូរអភិវឌ្ឍ អំពីផែនការសកម្មភាពការងារ និងគម្រោងការបោះពុម្ភផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ឯកសារពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសម្រាប់គ.ជ.ប.ជ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគម្រោងនៃការបង្កើតប្រព័ន្ធបញ្ចូលទិន្នន័យពលករ ក្នុងការគ្រប់គ្រងលំហូរពលករចេញចូល ទៅកាន់ប្រទេសគោលដៅ

BY SOM SIVWIN

Published on 24 May, 2021

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ នារសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ រួមនិងលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយអង្គការដៃគូរអភិវឌ្ឍ អំពីផែនការសកម្មភាពការងារ និងគម្រោងការបោះពុម្ភផ្សព្វផ្សាយរបាយការណ៍ ឯកសារពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសម្រាប់គ.ជ.ប.ជ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគម្រោងនៃការបង្កើតប្រព័ន្ធបញ្ចូលទិន្នន័យពលករ ក្នុងការគ្រប់គ្រងលំហូរពលករចេញចូល ទៅកាន់ប្រទេសគោលដៅ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានតំណាងអង្គការដៃគូរអភិវឌ្ឍ និងអ្នកផ្តល់ប្រឹក្សាលើរបាយការណ៍ថ្នាក់ជាតិរបស់គ.ជ.ប.ជ តំណាងពីអង្គការការីតាសកម្ពុជា អង្គការយូអិនអេហ្វភិអេ(UNFPA) អង្គការអាយជេអឹម (IJM) អង្គការ Cambodia Act និងអង្គការជាដៃគូរអភិវឌ្ឍមួយចំនួន ។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានស្នើទៅកាន់តំណាងអង្គការចូលរួម ពិនិត្យលទ្ធភាពជួយគាំទ្រទៅលើគម្រោងជាអទិភាព និងចាំបាច់ក្នុងការអនុវត្តកិច្ចការងារ ក្នុងកំឡុងពេលដែលប្រជាពលរដ្ឋ ក៌ដូចពលករបានវិលត្រលប់មកក្នុងប្រទេស ក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ១៩ នេះ។ លោកជំទាវ ក៌បានលើកឡើងពីគម្រោង នៃការរៀបចំជាប្រព័ន្ធគ្រប់គ្រងពលករ និងចំនួនតួលេខឲកាន់តែប្រសើរ តាមប្រព័ន្ធប្រមូលទិន្នន័យបែបថ្មីទាំងស្របច្បាប់ និងមិនស្របច្បាប់ សម្រាប់ក្នុងការផ្ទៀងផ្ទាត់អំពីការធ្វើទេសន្តប្រវេសន៍  ដោយសហការជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។  លោកជំទាវបានបញ្ជាក់បន្ថែមថា បើប្រព័ន្ធនេះចាប់ដំណើរការបានក្នុងពេលវេលាឆាប់រហ័ស នោះការគ្រប់គ្រងនៃការធ្វើចំណាកស្រុកចេញទៅកាន់ប្រទេសគោលដៅ និងការត្រលប់មកវិញ នោះរាជរដ្ឋាភិបាលនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រង ឆ្លើយតប និងការផ្តល់នៅសេវាគាំទ្រឲទាន់ពេលវេលានិងកាន់តែមានប្រសិទ្ធភាព ទៅកាន់ប្រជាពលរដ្ឋ អ្នកមានតំរូវការ និងជនងាយរងគ្រោះ ៕

 


   

Official Telegram NCCT Cambodia