កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់

BY SOM SIVWIN

Published on 24 Aug, 2020

(ទីស្តីការក្រសួងមហាផ្ទៃ) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអគារS នៃទីស្តីការក្រសួងមហាផ្ទៃបានបើកសិក្ខាសាលាថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំស្តីពី "កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ  ដោយមានការចូលរួមពី  ឯកឧត្តម   លោកជំទាវ  តំណាងមកពីក្រសួង  ស្ថាប័ន  ជាតិ-អន្តរជាតិ  ជាដៃគូអភិវឌ្ឍន៍ ជាច្រើនរូប ។   ដើម្បីបន្តជម្រុញការអនុវត្តកតិកាសញ្ញាពិភពលោកនេះ រដ្ឋជាសមាជិកនីមួយ ត្រូវធ្វើការជ្រើសរើសគោលបំណងជាអាទិភាពមួយចំនួន ដើម្បីធ្វើឲ្យបានសម្រេច ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សជាសេនាធិការ បានសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងឡាយដើម្បីធ្វើការជ្រើសរើស ដោយឯកភាពគ្នា និងដើម្បីជាការទទួលខុសត្រូវរួមគ្នា ក្នុងការអនុវត្ត ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពរៀបរយ ស្របច្បាប់ របស់ពលករទេសន្តរប្រវេសន៍ ។ មុននឹងចូលដល់ការសម្រេចក្នុងការជ្រើសរើសនេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិបានរៀបចំកិច្ចប្រជុំបច្ចេកទេសមួយ ដើម្បីជជែកពិភាក្សា និងពិនិត្យរកជម្រើសក្នុងចំណោមគោលបំណងទាំង ២៣ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដោយធ្វើការជ្រើសរើសបឋម នូវគោលបំណងចំនួនបី និងមានគោលបំណងត្រៀមចំនួនបួន សម្រាប់ការពិភាក្សាឡើងវិញ ក្នុងថ្ងៃនេះ ។ បន្ទាប់ពីការសម្រេចក្នុងកិច្ចប្រជុំនេះ ព្រះរាជាណាចក្រកម្ពុជា នឹងសម្រេចដាក់បញ្ចូលគោលបំណងដែលជ្រើសរើសបាន ទៅក្នុងផែនការសកម្មភាពឆ្នាំបន្តបន្ទាប់ ដើម្បីធានាថា ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនកម្ពុជា ទៅប្រទេសគោលដៅទាំងឡាយក៏ដូចជាជនទេសន្តរប្រវេសន៍ដែលមកពីប្រទេសក្រៅចូលក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ។

សម្តេចក្រឡាហោម ស ខេង លើកឡើងពីវិស័យសំខាន់៤ ពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ ដែលក្រសួងមហាផ្ទៃ រួមជាមួយតំណាងពីអន្តរក្រសួងនឹងយកមកពិភាក្សា ដើម្បីរៀបចំដាក់បញ្ចូលនូវគោលបំណងរួមដែលជាលទ្ធផល ទៅក្នុងផែនការសកម្មភាពឆ្នាំបន្តបន្ទាប់ ក្នុងការធានាថា ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនកម្ពុជា ទៅប្រទេសគោលដៅទាំងឡាយ ក៏ដូចជា ជនទេសន្តរប្រវេសន៍ដែលមកពីប្រទេសក្រៅ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។ វិស័យសំខាន់ទាំងបួនមាន ទី១៖ ការការពារជនទេសន្តរប្រវេសន្ត៖ ទាំងជនទេសន្តរប្រវេសន្តប្រក្រតី និងជនទេសន្តរប្រវេសន៍មិនប្រក្រតី ទាំងអ្នកដែលមានគម្រោង ចាកចេញទៅធ្វើការក្រៅប្រទេស ទាំងអ្នកដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ទាំងអ្នកវិលត្រឡប់មកវិញ។ ទី២៖ ការគ្រប់គ្រងទិន្នន័យ៖ ការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កត់ត្រា និងគ្រប់គ្រងឱ្យបានជាក់លាក់ នូវទិន្នន័យ ជនទេសន្តរប្រវេសន្តទាំងប្រក្រតី និងមិនប្រក្រតី ដើម្បីងាយស្រួលក្នុងការដាក់វិធានការឆ្លើយតប ទៅនឹងស្ថានភាពនានា ដែលជាភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ទី៣៖ ការគាំទ្រដំណើរការ នៃការវិលត្រឡប់ និងការធ្វើសមាហរណកម្មជនទេសន្តរប្រវេសន៍៖ ត្រូវការរៀបចំគោលនយោបាយ វិធានការ និងនីតិវិធីជាក់លាក់ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាល នៃប្រទេសពាក់ព័ន្ធ ដើម្បីទទួលបានទិន្នន័យលក្ខខណ្ឌនៃការបញ្ជូន វិធីបញ្ជូនជាពិសេសការកំណត់វិធានការការពារស្រ្តី និងកុមារ ដែលសង្ស័យថារងគ្រោះ ជាពិសេសដោយអំពើជួញដូរមនុស្ស។ ទី៤៖ ការកំណត់ និងការផ្តល់អត្តសញ្ញាណដោយស្របច្បាប់ ជាពិសេសសម្រាប់កូនរបស់ជនទេសន្តរប្រវេសន្តកម្ពុជា ដែលបានកើតនៅក្រៅប្រទេសកម្ពុជា។

 

 

 

 


   

Official Telegram NCCT Cambodia