ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍បានអញ្ជើញចុះមកសួរសុខទុក្ខ និងណែនាំពីវិធានការការពារបង្ការជម្ងឺកូវីដ និងឧបត្ថម្ភជាអង្ករ សម្ភារៈប្រើប្រាស់មួយចំនួន ដល់ក្រុមការងារចម្រុះ មានមន្រ្តីមណ្ឌលសំចតប៉ោយប៉ែត មន្រ្តីសុខាភិបាល កងកម្លាំងវរៈព្រំដែន យោធភូមិភាគរបស់ក្រសួងការពារជាតិដែលប្រចាំការ រង់ចាំទទួលពលករបញ្ជូនត្រឡប់ ពីក្រៅប្រទេស នៅច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ

BY SOM SIVWIN

Published on 28 Apr, 2020

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី២៤ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧ.ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង លោកស្រីអភិបាលរងខេត្តសៀមរាប រួមនិងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត អភិបាល/អធិការស្រុក ដឹកនាំដោយឯកឧត្តមអភិបាលខេត្ត អ៊ុំ រាត្រី បានអញ្ជើញចុះមកសួរសុខទុក្ខ និងណែនាំពីវិធានការការពារបង្ការជម្ងឺកូវីដ និងឧបត្ថម្ភជាអង្ករ សម្ភារៈប្រើប្រាស់មួយចំនួន។ សំម្ភារៈបរិក្ខាទាំងនេះ ទទួលបានការជួយឧបត្ថម្ភ ពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងពីអង្គការដៃគូរអភិវឌ្ឍ មានអង្គការមេត្រីភាព(AIM) អង្គការអេ២១  និងអង្គការការីតាសកម្ពុជា  រួមមានអង្ករ១៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអីវ អាល់កុល៣០លីត្រ សាប៊ូ ថ្នាំដុសធ្មេញ ខិតប័ណ្ណផ្សព្វផ្សាយ ក្រម៉ា ដល់ក្រុមការងារចម្រុះ មានមន្រ្តីមណ្ឌលសំចតប៉ោយប៉ែត មន្រ្តីសុខាភិបាល កងកម្លាំងវរៈព្រំដែន យោធភូមិភាគរបស់ក្រសួងការពារជាតិដែលប្រចាំការ រង់ចាំទទួលពលករ បញ្ជូនត្រឡប់ ពីក្រៅប្រទេស នៅច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ។ លោកជំទាវ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវតែមានការយកចិត្តទុក ដាក់ត្រួតពិនិត្យសុខភាព និងត្រៀមបំរុងទុកស្បៀងអាហារសម្រាប់ផ្តល់ជូនពលរដ្ឋនៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ១៩នេះ ហើយបើប្រជាពលរដ្ឋណាមានការសង្ស័យនូវការឆ្លងជំងឺកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យអោយទាន់ពេលវេលាត្រូវសហការយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលករដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេសឲ្យបានល្អ ដើម្បីធានាបាន នូវការទប់ស្តាត់ ការឆ្លងជំងឺកូវីដ១៩ ពីខាងក្រៅមកចម្លងរាលដាលនៅក្នុងសហគមន៍ ។

លោកជំទាវ បានថ្លែងអោយដឹងទៀតថា បញ្ហាជំងឺកូវីដនេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សស្លាប់ជាបន្តបន្ទាប់ផងដែរ ។នៅរសៀលថ្ងៃដដែល ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានបន្តដំណើរសួរសុខទុក្ខ នៅទីកន្លែងចត្តាឡីស័កស្រុកមាល័យ និងកន្លែងទទួលពលករនៅច្រកដូង។ មុនបញ្ចប់នៅបេសកកម្មត្រលប់មកទីក្រុងភ្នំពេញវិញ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានបន្តចូលជួបប្រជុំ ជាគណៈបញ្ជាការឯកភាពស្រុកកំរៀង ពាក់ព័ន្ធពីផែនការ នៃគម្រោងសាងសង់មណ្ឌលទទួលពលករប្រចាំច្រកដូង ឋិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ៕

 

 

 

 

 


   

Official Telegram NCCT Cambodia