កិច្ចប្រជុំពិគ្រោះយោបល់ ដេីម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពនែជម្ងឺកូវីដ-១៩ (Covid-19)

BY SOM SIVWIN

Published on 27 Apr, 2020

(ទីស្តីការក្រសួងមហាផ្ទៃ)៖  ព្រឹកថ្ងៃពុធ ១កើត ខែពិសាខ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី  ២២មេសា ឆ្នាំ២០២០ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស   បានរៀបចំកិច្ចប្រជុំ  ពិគ្រោះយោបល់ ដេីម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពនែជម្ងឺកូវីដ-១៩ (Covid-19)។ កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង  ឧបនាយករ្ដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  និងជាប្រធាន  គ.ជ.ប.ជ   និងមានការចូលរួម ពីឯកឧត្តម  លោកជំទាវជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  ឯកឧត្តមជាអគ្គស្នងការនគរបាលជាតិ  អគ្គនាយក  អគ្គនាយករង  អង្គការដៃគូអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជាដែលមានការពាក់ព័ន្ធ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងដោយផ្តោតលើបញ្ហាប្រឈមជាក់លាក់ក្នុងការគ្រប់គ្រងហានិភ័យចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសពលករចំណាកស្រុកដែលទើបវិលត្រលប់មកវិញ ទាំងគ្រួសារ និងសហគមន៍របស់ពួកគេ គឺជាឱកាសដ៏សំខាន់ដើម្បីជួយឲយើងរៀបចំវិធានការក្នុងការទប់ស្កាត់ ការផ្ទុះរាតត្បាតនៃជម្ងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ជាពិសេសផ្តោតលើប្រជាពលរដ្ឋដែលងាយរងគ្រោះ ។ ពលរដ្ឋដែលទើបត្រលប់មកវិញនេះ ក៏បានក្លាយជាបន្ទុកគ្រួសារក្នុងស្រុក និងមិនអាចត្រលប់ទៅប្រទេសគោលដៅវិញបានឆាប់ៗនោះទេ ពោលគឺត្រូវរង់ចាំដល់បញ្ហាកូវីដ១៩នេះចប់ជាស្ថាពរ អាស្រ័យហេតុនេះដោយស្ថានភាពសេដ្ឋកិច្ច និងសង្គមមានការប្រែប្រួល នឹងអាចជះឥទ្ធិពលក្នុងរយៈពេលវែងបែបនេះ គជបជ និងគ្រួសារអង្គការសហប្រជាជាតិ ផ្នែកការងារពាក់ព័ន្ធនឹងសុវត្ថិភាពពលករ ដើម្បីរិះរកវិធានការដែលត្រូវឆ្លើយតបបន្ទាន់ និងប៉ាន់ប្រមាណក្នុងរយៈពេលមធ្យម និងរយៈពេលវែងក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃវិបត្តិកូវីដ១៩នេះ ដែលអាចក្លាយទៅជាអសន្តិសុខសង្គម ។

 

 

 

 


   

Official Telegram NCCT Cambodia