ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស(គ.ជ.ប.ជ) នៅទីស្តីការក្រសួងមហាផ្ទៃ
BY SOM SIVWINPublished on 28 Mar, 2025
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស(គ.ជ.ប.ជ) នៅទីស្តីការក្រសួងមហាផ្ទៃ
ទីស្តីការក្រសមហាផ្ទៃ៖ ព្រឹកព្រហស្បតិ៍ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានប្រារព្ធពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស (គ.ជ.ប.ជ) ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.ប.ជ) ។ ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូរជាតិ អន្តរជាតិ ពាក់ព័ន្ធស្ថានតំណាងប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជាប្រមាណ ៥២០នាក់ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានមានមតិស្វាគមន៍ និងរបាយការសង្ខេប ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសនៃអង្គពិធី ។តាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិដែលបានបង្ហាញដោយ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំង បានកើនឡើង ដែលជារួម លទ្ធផលនៃការបង្ក្រាប បានដល់ ១៩៧ករណី គឺកើនចំនួន ៣៣ករណី ស្មើនឹង ២០.១៥% បើប្រៀបធៀបទៅនឹងលទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣ ។សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរក ឃើញជនរងគ្រោះ ចំនួន ៥២៣នាក់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣ នាក់ ក្នុងនោះមានជន បរទេស ៣០នាក់ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានការកើនឡើងនូវអំពើជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មានអនីតិជនរងគ្រោះ អាយុក្រោម១៨ឆ្នាំ រហូតដល់ទៅ ២៣០នាក់ ស្មើនឹង ៤៣.៩៧% នៃចំនួនជនរងគ្រោះសរុប ។
មានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «កម្ពុជា ក៏ជាប្រទេសមួយ ដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ដែលក្រុមឧក្រិដ្ឋជន បាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួតវង្វេង និងរងគ្រោះ ផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូតដល់មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់ អាយុជីវិតថែមទៀត» ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា បញ្ហាភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជនកម្ពុជាដែលធ្វើទេសន្តរប្រវេសន៍នៅ ប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិនទាន់ត្រូវអាចដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ ទាំងមិន ស្របច្បាប់ និងបានបង្កើតមូលដ្ឋានប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កប់នូវបទល្មើសពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភ បំពានលើរាងកាយ ផ្លូវភេទ ជាដើម និងអូសទាញឱ្យមានការចូលរួមក្នុងបណ្តាញបទល្មើសយ៉ាងច្រើនកុះករ ដោយ មានទាំងជនល្មើស ទាំងជនរងគ្រោះ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមថា សមត្ថកិច្ចកម្ពុជា ទទួលបានសេចក្តីរាយការណ៍ និងធ្វើប្រតិបត្តិការ បង្ក្រាប ទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ហើយបានសហការជាមួយស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ។
ជាកិច្ចបញ្ចប់នៃអង្គពិធី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ជូននៅប័ណ្ណសរសើរដល់ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង/ស្ថាប័ន នៃក្រុមការងារទាំង៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ផងដែរ ៕
តំណរភ្ជាប់សម្រាប់ទាញយកឯកសាររបាយការណ៍ជាតិ២០២៤៖ https://drive.usercontent.google.com/download?id=1yqeZGXplmkZRgEZWp8GtJ0SGMGfXmzIb&export=download&authuser=0