លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ កម្រិតបច្ចេកទេស ពិនិត្យ ពិភាក្សាឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
BY SOM SIVWINPublished on 20 Nov, 2024
ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ គ.ជ.ប.ជ មានបើកកិច្ចប្រជុំកម្រិតបច្ចេកទេស ពិនិត្យ ពិភាក្សាឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងក្រសួងមហាផ្ទៃ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ គង់ ស៊ីផា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី/ខេត្ត ទទួលបន្ទុក លោក លោកស្រី ប្រធាន អនុប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានក្រុមជំនួយកិច្ចការទាំង៦ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក លោកស្រី ស្នងការរងរាជធានី/ខេត្ត ទទួលបន្ទុកលោក លោកស្រី ក្រុមការងាររាជធានី/ខេត្ត និងមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ១៤២រូប ស្រី៧៦ រូប ។
កិច្ចប្រជុំ មានគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើរបាយការណ៍ពាក់ពន្ធការងារជួញដូរមនុស្សដែលបណ្ដារាជធានី/ខេត្ត បានអនុវត្តកន្លងមក និងពិភាក្សាកែសម្រួលរកធាតុចូលបន្ថែមលើរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងរយៈពេល១០ខែកន្លងមកនេះ ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានលើកឡើងអំពីបញ្ហាប្រឈម និងស្ថានភាពថ្មីៗដែលបច្ចុប្បន្នកម្ពុជាកំពុងដោះស្រាយនូវភាពរងគ្រោះ បញ្ហាបទល្មើសជួញដូរមនុស្ស បង្កដោយជនបរទេស ដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល នៃជនល្មើស។ លោកជំទាវបានគូសបញ្ជាក់ ផងដែរថា អំពើជួញដូរមនុស្ស ភាគច្រើនបង្កឡើងដោយជនបរទេស គឺមានច្រើនទម្រង់ និងប្លែកៗ ដូចជាករណីខ្លះ ជនបរទេសជាជនល្មើសធ្វើការបោកប្រាស់និងជួញដូរជនរងគ្រោះរស់នៅក្នុងប្រទេសកម្ពុជា និងករណីខ្លះទៀតជនល្មើសសម្ងំរស់នៅក្នុងប្រទេសកម្ពុជាប៉ុន្តែធ្វើការបោកប្រាស់ ឬអូសទាញ ជនរងគ្រោះនៅប្រទេសផ្សេងៗ ។ លោកជំទាវរដ្ឋលេខាធិការ បានបន្តថាចំពោះបញ្ហាបទល្មើសជួញដូរមនុស្សនេះ ករណីខ្លះជនបរទេស ដែលជាជនល្មើសបោកប្រាស់ជនជាតិផ្សេង ឬពលរដ្ឋខ្មែរហើយករណីខ្លះពួកគេបោកប្រាស់ជនជាតិដូចគ្នាដោយបញ្ហាជួញដូរស្ថិតក្រោមរូបភាពច្រើន ដូចជាការពពោះជំនួសការគំរាមកំហែង និងសកម្មភាពផ្សេងៗតាមអនឡាញ ការតេតាមទូរស័ព្ទ ឬជួបផ្ទាល់ ។លោកជំទាវ ជូ ប៊ុនអេង បន្ថែមថាសម្រាប់ជនល្មើស ក្នុងអំពើជួញដូរមនុស្ស មានករណីមួយចំនួន ជនល្មើសធ្វើការអូសទាញ និងករណីមួយចំនួនទៀត ជនរងគ្រោះមានការស្ម័គ្រចិត្តដោយខ្លួនឯង ហើយករណីនីមួយៗ សុទ្ធសឹងមានភាពសាំញ៉ាំ ដោយជនល្មើស និងភស្ដុតាងខ្លះនៅក្រៅប្រទេស ដែលពិបាកធ្វើស្រាវជ្រាវ ។
ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញបន្ថែម ដល់សមត្ថកិច្ចពាក់ព័ន្ធបន្តខិតខំដោះស្រាយ និងទប់ស្កាត់នូវរាល់ទម្រង់ នៃបទល្មើសជួញដូរផ្សេងៗ ដែលមានដូចជាការអប់រំផ្សព្វផ្សាយ និងការទប់ស្កាត់នៅតាមច្រកព្រំដែនជាដើម ។ ក្នុងឱកាសនោះ លោកជំទាវប្រធាន គ.ជ.ប.ជ បានគូសបញ្ជាក់សារជាថ្មីថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវមានភាពឈឺចាប់ នៅពេលដែលបរទេសបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងបញ្ជីជាប្រទេសមានចំណាត់ថ្នាក់ទាប ពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស ដោយត្រូវរួមប្រឹងប្រែងដោះស្រាយ កុំឲ្យមានការបណ្ដែតបណ្ដោយ ៕