Published on 29 Oct, 2024
សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំលោកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ស្ថាប័នតុលាការ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៧២ នាក់ ស្រី ៤០ នាក់។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីរួមមាន ៖
- អង្គប្រជុំបានធ្វើការពិនិត្យ និងកែសម្រួលទៅលើសេចក្តីព្រាងរបាយការណ៍ លទ្ធផលនៃការអនុវត្តសកម្មភាពប្រឆាំងការជួញដូរមនុស្សប្រចាំខែតុលា ឆ្នាំ២០២៤ និងបានពិភាក្សាលើបញ្ហារបស់បណ្តាវិស័យដែលបានផ្ញើរបាយការណ៍ក្រុមការងារ និងការពិនិត្យលើទៅទិន្នន័យចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស ។
- អង្គប្រជុំបានពិនិត្យ ទៅលើបញ្ហារបស់គ្រួសារអតីតពលករ ដែលធ្លាប់ទទួលងរងគ្រោះដោយករណីជួញដូរកម្លាំងមកពីប្រទេសថៃ ដែលបានធ្វើសមាហរណកម្មពីអង្គការ IJM ហើយមានជីវៈភាពក្រីក្រ នៅស្រុកស្វាយលើ ដោយក្នុងនោះអាជ្ញាធរបានធ្វើការផ្តល់ជូននូវប័ណ្ណសមធម៌ ជំនួយសង្គមមួយចំនួនផងដែរ រីឯអង្គការ IJM នូវតែបន្តគាំទ្រផ្នែកជំនួយសង្គម និងពិនិត្យលើការគាំទ្របន្ថែមជាមុខរបរខ្នាតតូច និងការបណ្តុះបណ្តាលជំនាញវិជ្ជា ។
- អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហារបស់កុមារចំនួន ០២នាក់ នៅក្នុងស្រុកវ៉ារិន ដែលឪពុកម្តាយបានលែងលះ ដោយក្នុងនោះមានកុមារីម្នាក់ ធ្លាប់រងគ្រោះដោយការរំលោភបំពានផ្លូវភេទ។ ករណីនេះមន្ទីរសង្គមកិច្ចបានចុះធ្វើការប៉ាន់ប្រមាណ ដោយពិនិត្យឃើញថាកុមារ ងាយនឹងរងហានិភ័យដោយការរំលោភបំពានជាថ្មី។ ករណីនេះត្រូវបានមន្ទីរសង្គមកិច្ច រដ្ឋបាលស្រុកវ៉ារិន បានសហការជាមួយអង្គការមូលនិធិអន្តរជាតិហាការ បាននាំយកកុមារដើម្បីទុកដាក់ឱ្យស្នាក់នៅជាមួយគ្រួសារដែលគាំទ្រដោយអង្គការមូលនិធិអន្តរជាតិហាការ ព្រមទាំងបានបញ្ជូនកុមារទៅពិនិត្យ និងព្យាបាលសុខភាពនៅមន្ទីរពេទ្យកុមារផងដែរ (កុមារមានជំងឺកាមរោគជាថ្មី)។ អង្គប្រជុំបានដាក់ផែនការបន្តជូន រដ្ឋបាលស្រុកវ៉ារិន សមត្ថកិច្ច និងអង្គការហាការ ដើម្បីពិនិត្យ និងស៊ើបអង្កេត អំពីករណីដែលកុមារមានជំងឺកាមរោមសាជាថ្មី (កន្លងមកកុមារធ្លាប់មានជំងឺកាមរោគ ហើយបានធ្វើការព្យាបាលសះជា) ៕
(អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប)