ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង កម្មវីធិប្រារព្ធ «ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការអប់រំតាមវិន័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នៅមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ

BY SOM SIVWIN

Published on 21 Aug, 2024

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានរៀបចំប្រារព្ធ «ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការអប់រំតាមវិន័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នៅមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល គ្រប់កម្រឹត ឯកឧត្តម អភិបាល អភិបាលរង រាជធានី ខេត្តទូទាំងប្រទេស កងកម្លាំង សមត្ថកិច្ច សិស្ស និស្សិត អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលការចូលរួមមានចំនួនសរុបប្រមាណ ២0០០អង្គ/នាក់ ។ គោលបំណងសំខាន់ៗនៃការប្រារព្ធទិវាជាតិអន្តរសាសនាលើកនេះ គឺដើម្បី៖ ១-បញ្ជាក់ពីគោលជំហរ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅក្នុងប្រទេសកម្ពុជា កម្រិតតំបន់ និងកម្រិតអន្តរជាតិ ។ ២-បង្ហាញពីសុខដុមនីយកម្ម និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយពីសំណាក់មេដឹកនាំ និងសាសនិក នៃសាសនានានាក្នុងប្រទេសកម្ពុជា ក្នុងបរិបទសង្គមប្រកបដោយសន្តិភាព ចូលរួមអនុវត្តសកម្មភាពដើម្បីសម្រេចគោលបំណងរួម គឺបង្ការទប់ស្កាត់សំដៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ។ ៣- បង្ហាញពីតួនាទីសំខាន់របស់សាសនា និងជំហរក្នុងការបង្តចូលរួមពីសំណាក់មេដឹកនាំ និងសាសនិកពីគ្រប់និកាយសាសនា ក្នុងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

បើយោងតាមការលើកឡើង នៅក្នុងរបាយការណ៍សង្ខេបរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឆ្នាំ២០២៤នេះគឺជាឱកាសដ៏ល្អ សម្រាប់ការប្រារព្ធពិធី ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល» សមស្របទៅនឹងសភាពការណ៍ជាក់ស្តែង ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រឈមយ៉ាងខ្លាំងទៅនឹងផលប៉ះពាល់ ទាំងវិជ្ជមាន ទាំងអវិជ្ជ​មាន ពីការវិវឌ្ឍន៍រីកចម្រើនយ៉ាងលឿនមហិមា នៃបច្ចេកវិទ្យា វិទ្យាសាស្ត្រព័ត៌មាន ដែលហៅថា ជាសម័យកាល បរិវត្តន៍កម្មឌីជីថល។ ជាការពិត ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បាន និងកំពុងជំរុញឱ្យមានការរីកចម្រើនគ្រប់វិស័យនៅទូទាំងពិភពលោក និងមិនអាចខ្វះបាន ព្រោះជាតម្រូវការចាំបាច់ដើម្បីប្រើប្រាស់ជាមធ្យោបាយទំនាក់ទំនង គ្រប់គ្រង បញ្ជា ទាំងក្នុងវិស័យ​រដ្ឋ ទាំងវិស័យឯកជន ក្នុងការងាររដ្ឋបាល ការងារបច្ចេកទេស សេដ្ឋកិច្ច ឧស្សាហកម្ម  ធនាគារ ប្រព័ន្ធការ​ពារសន្តិសុខ ការសិក្សាស្រាវជ្រាវ ការដឹកជញ្ជូន ការផលិត ការកែច្នៃ ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ ប្រព័ន្ធបច្ចេកវិទ្យានេះ ក៏បម្រើឱ្យការផលិតអាវុធទំនើបប្រល័យលោក កាន់តែមានប្រសិទ្ធភាព និងបម្រើឱ្យជនល្មើសអាចធ្វើសកម្មភាពឧក្រិដ្ឋកាន់តែងាយស្រួល និងរីករាលដាល កាន់តែឆាប់រហ័សហួសពីការស្មានផងដែរ។ មានន័យថា ភាពវ័យឆ្លាតក្នុងចំណេះដឹងវិទ្យាសាស្រ្តតែម្យ៉ាង មិនអាចនាំមកនូវសេចក្តីសុខដល់មនុស្សជាតិ និងពិភពលោកបានទេ បើមនុស្សអ្នកបង្កើត និងប្រើប្រាស់វិទ្យាសាស្ត្រ គ្មានសីលធម៌ គ្មានគុណធម៌ មិនមានចេតនា បង្កើតឱ្យមានសេចក្តីសុខ។ ហេតុនេះហើយ ទើបបានជា ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន    គ.ជ.ប.ជ ដោយមានការចូលរួមពីអន្តរក្រសួង មានជាអាទិ៍ ក្រសួងធម្មការនិងសាសនា ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងសាសនាទាំងបី អង្គការមិនមែនរដ្ឋាភិបាល សហគ្រិនស្រ្តី សមាគមសិល្បករកម្ពុជា ជាតំណាងវិស័យឯកជន បានមូលមតិគ្នាជ្រើសយកប្រធានបទនេះ សម្រាប់ទិវាជាតិអន្តរសាសនា ប្រចាំឆ្នាំ២០២៤​ នេះ ។

មានមតិសំណេះសំណាល និងចំណាប់អារម្មណ៍ក្នុងអង្គពិធីនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ បានថ្លែងថា​រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការមិនបានព្រងើយកន្តើយ ហើយតែងតែអំពាវនាវ ឱ្យមានកិច្ចសហការកាន់តែរឹងមាំបីបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ទំាងក្នុងតំបន់ និងជាអន្តរជាតិឱ្យរួមគ្នាដោះស្រាយ។ រាជរដ្ឋាភិបាលបានដាក់ចេញ និងបន្តអនុវត្ត « ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ » ដោយប្រុងប្រយ័ត្ន និងដោយគ្មានការធ្វេសប្រហែស។ គោលការណ៍សំខាន់បួនយ៉ាងនៃផែនការប្រតិបត្តិនេះគឺ (១) សង្រ្គោះជនរងគ្រោះឱ្យបានទាន់ពេលវេលា (២) ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស និងបក្សពួក និងស្រាវជ្រាវរកមេក្លោង ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង (៣) ត្រួតពិនិត្យប្រមូលភស្តុតាង ដើម្បីបិទអាជីវកម្មខុសច្បាប់ និង(៤) ពន្លាតការស៊ើបអង្កេតរកសកម្មភាពបទល្មើសសំអាតប្រាក់របស់ជនល្មើស ។ ឯកឧត្តម អភិសន្តបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍សម្រាប់បន្តអនុវត្តក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដូចខាងក្រោម៖ ១. បន្តការអប់រំសីលធម៌តាមគន្លងសាសនា ដែលជាមូលដ្ឋានគ្រិះនៃការរស់នៅប្រកបដោយសីលធម៌ និងគុណធម៌ អាចឱ្យមនុស្សភ្ញាក់រលឹក និងទទួលយកការយល់ដឹងអំពីបទល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ដើម្បីបង្ការទប់ស្កាត់ ធ្វើឱ្យមានសេចក្តីសុខ សន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងមិនប្រព្រឹត្តទង្វើទុច្ចរិត​ឬបទល្មើសផ្សេងៗដែលនាំទុក្ខដាក់ខ្លួន ។ ២. អំពាវនាវឱ្យមានកិច្ចសហការកាន់តែល្អប្រសើររវាង ក្រសួងធម្មការ និងសាសនា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ជាពិសេស មេដឹកនាំសាសនាធំៗទាំំងបី ក្រោមការសម្របសម្រួលពីអគ្គលេខាធិការដ្ឋាន គជបជ ដែលដឹកនាំដោយលោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ ដើម្បីរៀបចំផែនការសកម្មភាពបន្ត ឱ្យបានជាក់លាក់ងាយស្រួលដល់ការធ្វើសកម្មភាពព្រមៗគ្នា និងមានទិន្នន័យជាលទ្ធផលសម្រាប់ការរៀបចំទិវាជាំតិអន្តរសាសនាលើកក្រោយទៀត។ ឯកឧត្តម អភិសន្តិបណ្ឌិត ប្រធានគជបជ បានអំពាវនាវ ដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិជួយបង្កលក្ខណៈ និងចូលរួមក្នុងសកម្មភាពអប់រំតាមបែបសាសនា ក្នុងគោលដៅបង្កើតឱ្យមានសុវត្ថិភាពនីតាមបណ្តា ភូមិ ឃុំ សង្កាត់ទូទាំងប្រទេស ដែលនឹងជួយពង្រឹងដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គម ៕

 


   

Official Telegram NCCT Cambodia