សេចក្តីជូនដំណឹង ស្តីពីការរៀបចំប្រារព្ធ «ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការអប់រំតាមវិន័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល»
BY SOM SIVWINPublished on 19 Aug, 2024
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) មានកិត្តិយសសូមប្រគេនទូលថ្វាយ និងគោរពជម្រាបជូន ព្រះថេរានុត្ថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បណ្តេញសារព័ត៌មាន និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងរៀបចំប្រារព្ធ « ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤ » ក្រោមប្រធានបទ «ការអប់រំតាមវិន័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នៅថ្ងៃអង្គារ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកតទៅ ។
«ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤» នេះនឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គជបជ លនិងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលការចូលរួមមានចំនួនសរុបប្រមាណ ២៥០០ អង្គ/នាក់។
គោលបំណងសំខាន់ៗនៃការប្រារព្ធទិវាជាតិអន្តរសាសនាលើកនេះ គឺដើម្បី៖ ១-បញ្ជាក់ពីគោលជំហរ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅក្នុងប្រទេសកម្ពុជា កម្រិតតំបន់ និងកម្រិតអន្តរជាតិ ។ ២-បង្ហាញពីសុខដុមនីយកម្ម និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយពីសំណាក់មេដឹកនាំ និងសាសនិក នៃសាសនានានាក្នុងប្រទេសកម្ពុជា ក្នុងបរិបទសង្គមប្រកបដោយសន្តិភាព ចូលរួមអនុវត្តសកម្មភាពដើម្បីសម្រេចគោលបំណងរួម គឺបង្ការទប់ស្កាត់សំដៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ។ ៣- បង្ហាញពីតួនាទីសំខាន់របស់សាសនា និងជំហរក្នុងការបង្តចូលរួមពីសំណាក់មេដឹកនាំ និងសាសនិកពីគ្រប់និកាយសាសនា ក្នុងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៕