លោកជំទាវ ជូ​ ប៊ុនអេង បានទទួលជួបសំដែងការគួរសមប្រតិភូឥណ្ឌូនេស៊ី ដឹកនាំដោយលោកស្រី Nur Rokhmah Hidayah (HOD) ឧបការីអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ

BY SOM SIVWIN

Published on 13 Jun, 2024

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ជូ ​ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញទទួលជួបសំដែងការគួរសមប្រតិភូឥណ្ឌូនេស៊ី ដឹកនាំដោយលោកស្រី​ Nur Rokhmah Hidayah (HOD) ឧបការីអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ  ។ មានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ជាអគ្គលេខាធិការរង ប្រធានក្រុមជំនួយកិច្ចការ អនុប្រធាន ប្រធានលេខាធិការដ្ឋាន នាយ នាយរងការិយាល័យ មួយចំនួន ខាងប្រតិភូរបស់ប្រទេសឥណ្ឌូនេស៊ី មានឯកឧត្តមតំណាងពីស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា តំណាងពីអគ្គស្នងការនគរបាលឥណ្ឌូនេស៊ី មន្រ្តីទទួលបន្ទុកកិច្ចការនយោបាយ សន្តិសុខ និងសហការីមួយចំនួនផងដែរ  ។ គោលបំណងនៃជំនួបសម្ដែងការគួរសម គឺដើម្បីចែករំលែកបទពិសោធន៍ចំពោះគ្នាទៅវិញទៅមក អំពីរចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ និងក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ មានមតិស្វាគមន៍ និងសម្ដែងនូវសោមនស្សរីករាយ ចំពោះលោកជំទាវ ឧបការីអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ ដែលបានដឹកនាំប្រតិភូក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានចូលជួបសម្ដែងការគូរសម និងពិភាក្សាចែករំលែកបទពិសោធន៍ការងារ ជាមួយគ.ជ.ប.ជ នាពេលនេះ ។ លោកជំទាវ ក៍បានឧទ្ទេសនាមក្រុមការងារដែលបានចូលរួម ជូនប្រតិភូឥណ្ឌូនេស៊ី បានជ្រាប និងជម្រាបជូនពីរចនាសម្ព័ន្ធរបស់ គ.ជ.ប.ជ ដែលមានតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ ក្នុងនោះថ្នាក់ជាតិ មានក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ចំនួន៦ ដោយមានការចូលរួមពីអង្គការដៃគូផងដែរ ។ ចំណែកនៅថ្នាក់ក្រោមជាតិ ដឹកនាំដោយអភិបាលរាជធានី ខេត្តនីមួយៗ និងមានរចនាសម្ព័ន្ធប្រហាក់ប្រហែលនឹងថ្នាក់ជាតិ។ លោកជំទាវ បញ្ចាក់ថា ដោយសារការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មានស្ថានភាពជា អន្តរវិស័យ ពាក់ព័ន្ធស្ទើគ្រប់ក្រសួង ស្ថាប័ន ចំណែកអ្នករងគ្រោះ ឬអ្នកប្រព្រឹត្តល្មើសគឺមានមូលដ្ឋាននៅថ្នាក់ ក្រោមជាតិ ដូច្នេះទើប គ.ជ.ប.ជ មានសមាសភាពចូលរួមច្រើន។ គ.ជ.ប.ជ ក៏មានកិច្ចសហការជាមួយបណ្ដា ប្រទេសពាក់ព័ន្ធផ្សេងៗ ដោយហេតុថាការងារជាច្រើនជារឿងឧក្រឹដ្ឋកម្មឆ្លងដែន ដែលកន្លងមកតាមរយៈស្ថានតំណាងនៅក្រៅប្រទេស បានធ្វើការងារពាក់ព័ន្ធ

លោកជំទាវ បានគូសបញ្ចាក់បន្ថែម អំពីកិច្ចដំណើរការនៃការរៀបចំSOP ជាមួយប្រទេសថៃ ដែលជាប្រទេសក្បែរខាងរបស់កម្ពុជា និងជាប្រទេសទទួលពលករទេសន្តរប្រវេសន៍ច្រើនជាងគេក្នុងតំបន់។ លោកជំទាវបានបញ្ចាក់អំពីបញ្ហាប្រឈមដែលពលករជួបប្រទះគឺកង្វះឯកសារស្របច្បាប់ ដែលលំហូររបស់ពលករឆ្លងកាត់មានចំនួនកើនឡើង។ កិច្ចគំាពារលើពលករដែលធ្វើទេសន្តរប្រវេសន៍ ទៅកាន់ប្រទេសជាប់ព្រំដែន លើវិស័យអនុវត្តច្បាប់ និងយុត្តិធម៌ ។ លោកជំទាវ បានលើកឡើងអំពីយុទ្ធសាស្រ្តទាំង៤​ របស់គ.ជ.ប.ជ យុទ្ធសាស្ត្រទី១៖ ពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រទី២៖ លើកកម្ពស់ការបង្ការ ទប់ស្កាត់យុទ្ធសាស្ត្រទី៣៖ ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឱ្យឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស យុទ្ធសាស្ត្រទី៤៖ ការពារជនរងគ្រោះគ្រប់ប្រភេទ និងគ្រប់វ័យ ព្រមទាំងផ្តល់សេវាគាំទ្រសមស្របប្រកបដោយគុណភាព ក្នុងការអនុវត្តក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។​ ក្នុងការអនុវត្តសម្រេចបានជាលទ្ធផល លើការងារនេះ កម្ពុជាបានជ្រើសរើសយកប្រទេសដែលនៅជាប់ព្រំដែន និងមានការពាក់ព័ន្ធលើបញ្ហាទេសន្តរប្រវេសន៍។

លោកជំទាវ NUR ROKHMAH HIDAYAH ឧបការីអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ និងជាប្រធានប្រតិភូ បានថ្លែងអំណរចំពោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដែលបានឆ្លៀងពេលដ៍មមាញឹក អនុញ្ញាតឱ្យប្រតិភូក្រុមការងារប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសមនាពេលនេះ។

លោកជំទាវ ប្រធានប្រតិភូ បានជម្រាបជូន លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ អំពីសមាសភាពប្រតិភូក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលបានអញ្ជើញមកទស្សនកិច្ចនៅពេលនេះ គឹមានសមាសភាពពីក្រសូង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងការបរទេស  ក្រសួងសម្របសម្រួលផ្នែកនយោបាយ ច្បាប់ និងសន្តិសុខ ក្រសួងច្បាប់ និងអគ្គស្នងការនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ លោកជំទាវ ប្រធានប្រតិភូ បញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស របស់ឥណ្ឌូនេស៊ី ក៍មានការចូលរួមពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើន ដូច គ.ជ.ប.ជ ដែរ ហើយក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺចេញដោយប្រកាស របស់ប្រធានាធិបតី ឆ្នាំ២០២៣ ដោយមានប្រធានដឹកនាំជា រដ្ឋមន្រ្តីក្រសួងសម្របសម្រួលផ្នែកនយោបាយ និងច្បាប់ មានការចូលរួមពីក្រសូងពាក់ព័ន្ធ ដូចជាក្រសួងការងារ និងអគ្គស្នងការនគរបាលជាតិ ជាដើម។ អគ្គស្នងការនគរបាលជាតិ ជាប្រធានប្រចាំការក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃសាធារណរដ្ឋឥណ្ឌូនេស៊ីហើយបានបង្កើត អគ្គនាយកដ្ឋានមួយសម្រាប់ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ផងដែរ ៕


   

Official Telegram NCCT Cambodia