កិច្ចប្រជុំពិភាក្សា ជាមួយតំណាង ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា លើការផ្សព្វផ្សាយព័ត៌មាន អំពីការជាប់គាំងរបស់ប្រជាជនឥណ្ឌានៅប្រទេសកម្ពុជា

BY SOM SIVWIN

Published on 09 Apr, 2024

កិច្ចប្រជុំពិភាក្សា ជាមួយតំណាង ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា លើការផ្សព្វផ្សាយព័ត៌មាន អំពីការជាប់គាំងរបស់ប្រជាជនឥណ្ឌានៅប្រទេសកម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ ៖ រសៀលថ្ងៃទីចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បន្ទប់ប្រជុំឈ្មោះខេត្តរតនៈគិរីមានកិច្ចប្រជុំពិភាក្សា ជាមួយតំណាង ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា លើការផ្សព្វផ្សាយព័ត៌មាន អំពីការជាប់គាំងរបស់ប្រជាជនឥណ្ឌានៅប្រទេសកម្ពុជា ។ មានវត្តមានអញ្ជើញចូលរួមតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្រ្តៃយ៍គជបជ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គគ.ជ.ប.ជ ឯកឧត្តម ឧ.ឯក ជីវ ផល្លី អគ្គស្នងការរង លោកវរ.ទោ សៀម សុភត្រ្តា តំណាងពីនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ឯកឧត្តម ឧ.ឯក អ៊ុក ហៃសិលា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ តំណាងភាគីឥណ្ឌា មានលោកជំទាវ បណ្ឌិត Devyani khobragade អគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា លោកជំទាវ Avaran Abraham លេខាទូតទី២ នៃអគ្គរដ្ឋទូតឥណ្ឌា លោកស្រី Shika ជាលេខាកត់ត្រា ។ កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជាក់ពីគោលបំណងពង្រឹងកិច្ចសហការ រវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា ជាច្រើនវិស័យ ក្នុងនោះរួមទាំង កិច្ចសហការវិស័យហោះហើរ ត្រង់មកកម្ពុជា និងកិច្ចសហការលើវិស័យប្រឆាំងការជួញដូរមនុស្សដែលកម្ពុជា និងឥណ្ឌា​មាន MOU ជាមួយគ្នា តាំងពីឆ្នាំ២០១៨មកម៉្លេះ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ H.E Dr. Devyani Khobragade សំដែងនូវគាវវរកិច្ច និងអំណរគុណដល់តំណាងរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំនៅកិច្ចពិភាក្សានេះ លោកជំទាវបានលើកឡើងបញ្ជាក់ពីជំហររដ្ឋាភិបាលឥណ្ឌា ចំពោះកិច្ចសហការវិស័យប្រឆាំងការជួញដូរមនុស្ស ដែលកម្ពុជា និងឥណ្ឌា​មាន MOU ជាមួយគ្នា តាំងពីឆ្នាំ២០១៨មកម៉្លេះ ។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពី ជនជាតិឥណ្ឌា​ ៥០០០នាក់ កំពុងជាប់ក្នុងបណ្តាញជនល្មើស នៅកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ថា នេះគ្រាប់តែជាការផ្សព្វផ្សាយដោយបំផ្លើស របស់អ្នកសារព័ត៌មានតែប៉ុណ្ណោះ មិនមែនជាការពិតទេ ។ រដ្ឋាភិបាលឥណ្ឌាទទួលស្គាល់ថា​ ប្រជាជនឥណ្ឌា បាន និងកំពុងរស់នៅកម្ពុជាដោយរីករាយ គ្មានការកៀបសង្កត់ តែចំពោះអ្នកដែលបានមកសម្ងំធ្វើការនៅទីនេះ ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ និងបានសុំឲ្យអន្តរាគមន៍ មានការរាយការណ៍ ចំនួន ៣០០លើកទៅស្ថានទូតឥណ្ឌាហើយបានសហការជាមួយសមត្ថកិច្ច រកឃើញ២៥៩នាក់ និងនៅ៧៥នាក់ទៀតកំពុងស្វែងរក ។ លោកជំទាវ​  Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា បានសម្តែងនូវការសោកស្តាយចំពោះព័ត៌មាន ដែលលោកជំទាវបារម្ភចំពោះ ដំណើរការនៃកិច្ចសហការយូឬអង្វែងរវាង កម្ពុជា ឥណ្ឌា ។

ជាការឆ្លើយតប លោកជំទាវ ជូ​ ប៊ុនអេង បានបង្ហាញអំពីសុឆន្ទៈរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ និងបានជម្រាបលោកជំទាវ អំពី ស្ថិតិនៃប្រជាជនឥណ្ឌា ដែលបាន និងកំពុងរស់នៅកម្ពុជាដោយស្របច្បាប់ មានតែ ជាង ៥០០០នាក់ប៉ុណ្ណោះ ឯចំនួន ប្រជាជនឥណ្ឌា ចូលមកកម្ពុជា ៣ខែដើមឆ្នាំ២០២៤នេះ មានជាង ១៨ពាន់នាក់ និងចេញទៅវិញ ជិត ១៨ពាន់នាក់ដែរ មានន័យថា មិនមានជន់ជាតិឥណ្ឌា ដែលនៅក្នុងកម្ពុជា ដោយជាប់ក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស៥០០០នាក់ដូចការផ្សព្វផ្សាយឡើយ ។ មានន័យថា កម្ពុជា តែងទទួលរងនូវភាពអយុត្តិធ៌ម ពីការផ្សព្វផ្សាយបំផ្លើសពីការពិត ជាច្រើនលើកច្រើនសារ បើទោះបីជាកម្ពុជា បានជួយសង្គ្រោះមនុស្សជាតិ ពីបទឧក្រឹដ្ឋ ដែលជនល្មើសកំពុងព្យាយាមប្រើប្រាស់ទឹកដីកម្ពុជាប្រព្រឹត្តបទល្មើសបំផ្លាញសន្តិសុខ និងសុវត្ថិភាពកម្ពុជាក៏ដោយ ៕

 


   

Official Telegram NCCT Cambodia