Published on 21 Dec, 2023
ខេត្តកោះកុង៖ នៅរសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ គ.ខ.ប.ជ ខេត្តកោះកុង បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តកោះកុង ។
គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្ស ជាច្រើនធ្លាក់ចូល ក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច យ៉ាងសាហាវឃោរឃៅ ។
មានមតិចាប់អារម្មណ៍ក្នុងកម្មវិធី ឯកឧត្តម ស្រេង ហុង បានលើកឡើងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបន្តជំរុញលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ត្រូវធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការបង្ការ បង្ក្រាប ផ្ដន្ទាទោស និងការពារសង្គ្រោះជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។ លោកក៏ស្នើដល់អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងតាមបណ្តាសាលារៀន ត្រូវផ្សព្វផ្សាយតាមរូបភាពផ្សេងៗ នូវសារទាំងឡាយពីការប្រឆាំងការជួញដូរមនុស្ស ដើម្បីជាការពញ្ញាក់ស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពី អំពើជួញដូរមនុស្ស និងចូលរួមបង្ការ ទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ជាពិសេស ក្មួយៗ ជាយុវតី ដើម្បីគេចផុតពីការចាញ់បោកជនខិលខូចគ្រប់រូបភាពទាំងអស់ ។ ទន្ទឹមនោះ ប្រមុខរាជរដ្ឋាភិបាល ក៏ណែនាំដល់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ បន្តតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងគ្រប់គ្រងព្រំដែនឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឲ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។ ជាពិសេសការពង្រឹង និងតាមដានការអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាឲ្យមានប្រសិទ្ធភាព។ ក្នុងនោះ មិនឲ្យព្រងើយកន្តើយ ឬ គាំទ្រអំពើល្មើសដែលកើតមាន ត្រូវខិតខំរួមគ្នាដោះស្រាយផ្ដល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាន និងដាក់ទោសជនល្មើស ឲ្យសក្ដិសមនឹងអំពើបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និងយុត្តិធម៌ក្នុងសង្គម ៕