Published on 11 Dec, 2023
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» នៅកម្ពុជា នឹងត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី នឹងអញ្ជើញចូលរួមជាអធិបតី និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
កម្មវិធីទិវាជាតិ នេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៣.០០០អង្គ/នាក់ រួចនឹងបន្តប្រារព្ធនៅតាមបណ្តាខេត្តនានា យ៉ាងផុលផុស ។ នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនាទាំងឡាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស និងការកេងប្រវ័ញ្ច គ្រប់រូបភាព ៕