កិច្ចប្រជុំកម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ស្ដីពីការសម្រេចសិទ្ធិ និងឱកាសរបស់ពលករទេសន្តរប្រវេសន៍ជាស្រ្តី នៅក្នុងតំបន់អាស៊ាន ២០២៨-២០២៣

BY SOM SIVWIN

Published on 01 Dec, 2023

កិច្ចប្រជុំ កម្មវិធីសុវត្ថិភាព និងតម្លាភាព ស្ដីពីការសម្រេចសិទ្ធិ និងឱកាសរបស់ពលករទេសន្តរប្រវេសន៍ជាស្រ្តី នៅក្នុងតំបន់អាស៊ាន ២០២៨-២០២៣

ទីក្រុងបាងកក៖ ថ្ងៃទី២៨ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ស្ដីពី ការសម្រេចសិទ្ធិ និងឱកាសរបស់ពលករទេសន្តរប្រវេសន៍ជាស្រ្តី នៅក្នុងតំបន់អាស៊ាន ២០២៨ - ២០២៣ ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅសណ្ឋាគារ Pullman Bangkok ប្រទេសថៃឡង់ដ៍ ។

កិច្ចប្រជុំនេះរៀបចំដោយ អង្គការ UN Women គាំទ្រដោយសភាពអ៊ឺរ៉ុប EU និងអង្គការ ILO ដែលមានសមាសភាពចូលរួមពី បណ្ដាប្រទេសរួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលមានអ្នកចូលរួមសរុបចំនួន ១០០រូប។លោកជំទាវ អគ្គលេខាធិការរង បានលើកឡើងនូវចំនុចសំខាន់ៗមួយចំនួន ក្នុងកិច្ចប្រជុំ ដោយបានបញ្ចូលលើបញ្ហាយកចិត្តទុកដាក់ ចំពោះរយៈពេលបន្តកិច្ចសន្យា ដែលត្រូវដាក់បញ្ចូលជា គោលការណ៍ ដោយពលករត្រូវត្រឡប់មកប្រទេសកំណើត ជាមុនសិន មុនបន្តកិច្ចសន្យាជាថ្មី ដើម្បីទុកឱកាសឱ្យត្រឡប់ទៅរកគ្រួសារ ជាពិសេសចំពោះស្រ្តីដែលទុកកូនចោលនៅផ្ទះ។ បន្ថែមពីនេះទៀត លោកជំទាវ បានលើកឡើងអំពីប្រទេសទទួល មិនគួរលើកទឹកចិត្តឱ្យពលករទៅធ្វើផ្លូវច្បាប់ នៅប្រទេសរបស់ខ្លួន ដែលជាហេតុធ្វើឱ្យពលករគេចវេស ពីការបំពេញបែបបទផ្លូវច្បាប់ នៅប្រទេសបញ្ជូននោះឡើយ ។

ភាគីខាងតំណាងស្ថានទូត លោកស្រី សារឹម ពិសិដ្ឋ ក៏បានលើកឡើងពី ការសហការល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងនោះដែរភាគីថៃបានធ្វើការបញ្ចុះតម្លៃវីសារ ។ កញ្ញា សួន ស្រីមុំ ដែលជាអតីតពលករចំណាកស្រុក ក៏បានបង្ហាញពីបទពិសោធន៍របស់ខ្លួន ធ្វើការខុសពីការរំពឹងទុកនៅក្នុង ប្រទេសថៃ និងបានលើកជាសំណូមពរដល់រាជរដ្ឋាភិបាល ឱ្យមានការបន្ធូរបន្ថយតំលៃ លិខិតឆ្លងដែន កាត់បន្ថយការចំណាយពេលវេលា បំពេញឯកសារស្របច្បាប់ និងពន្យល់ច្បាប់ឱ្យពលករត្រៀមចេញឱ្យច្បាស់លាស់។ ចំណែកលោក ពិនវិរៈ ដែលមកពីខាង ACRA ក៏បានលើកឡើងពីតម្លៃប៉ាស្ព័រទាំងពីរនេះផងដែរ ៕


   

Official Telegram NCCT Cambodia