សន្និសីទថ្នាក់តំបន់ស្ដីពី អំពើពុករលួយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធជនទេសន្តរប្រវេសន៍ ដែលបានប្រព្រឹត្តទៅចំនួន២ថ្ងៃ នាទីក្រុងបាងកក ប្រទេសថៃ

BY SOM SIVWIN

Published on 23 Nov, 2023

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញចូលរួមក្នុងសន្និសិទ ថ្នាក់តំបន់ស្ដីពី អំពើពុករលួយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធជនទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក

ប្រទេសថៃទីក្រុងបាងកក៖ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកជំទាវ អញ្ជើញអមដំណើរ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ ចូលរួមក្នុងសន្និសីទថ្នាក់តំបន់ស្ដីពី អំពើពុករលួយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធជនទេសន្តរប្រវេសន៍ ដែលបានប្រព្រឹត្តទៅចំនួន២ថ្ងៃ នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលធ្វើឡើងក្នុងគោលបំណងនៃកិច្ចប្រជុំ ដើម្បីចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ស្វែងរកដំណោះស្រាយនានាពីភាគីពាក់ព័ន្ធ រួមមានសកម្មភាពរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក្នុងសន្និសីទថ្នាក់តំបន់។  សន្និសីទក៏មានគោលបំណងជំរុញការសន្ទនារវាងភាគីពាក់ព័ន្ធសំខាន់ៗនៅក្នុងតំបន់ ដើម្បីបង្កើតអនុសាសន៍ និងមធ្យោបាយឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់វិធានការពុករលួយដែលមានប្រសិទ្ធភាព និងពាក់ព័ន្ធបន្ថែមទៀតនៅក្នុងបរិបទនៃការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មរត់ពន្ធជនចំណាកស្រុក ។

កិច្ចពិភាក្សាថ្ងៃទី១ បានផ្ដោតទៅលើ (១) ការស្វែងយល់ពីមធ្យោបាយនៃការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធជនទេសន្តរប្រវេសន៍ (២) ប្រភេទនៃអំពើពុករលួយ និងអ្នកចូលរួមពាក់ព័ន្ធក្នុងបទល្មើស (៣) បរិបទផ្សេងៗដែលជាឬសគល់នៃអំពើពុករលួយ ។ កិច្ចប្រជុំពិភាក្សាថ្ងៃទី២ បានផ្ដោតទៅលើ (១) ស្វែងរកដំណោះស្រាយ និងចំណាត់ការពីភាគីពាក់ព័ន្ធផ្សេងៗ (២) សកម្មភាព និងដំណោះស្រាយរបស់រដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយនានា និងវិស័យសិក្សា។

ក្នុងកិច្ចពិភាក្សានោះដែរ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ក៏បានផ្ដល់អនុសាសន៍ ក្នុងការពិនិត្យមើលការបញ្ចូលច្បាប់ ប្រឆាំងការជួញដូរ និងច្បាប់ប្រឆាំងអំពើពុករលួយ សំអាតប្រាក់ ដោយត្រូវដាក់ចូលក្នុងផែនការជាតិ និងបន្ថែមសមាជិក គ.ជ.ប.ជ ពីស្ថាប័នដែលពាក់ព័ន្ធ។ ភាគីកម្ពុជាបានស្វាគមន៍ ការជួយណែនាំ និងផ្ដល់បទពិសោធន៍ពីប្រទេស ដែលបានធ្វើជោគជ័យ លើការងារប្រឆាំងការជួញដូរមនុស្ស ៕

 


   

Official Telegram NCCT Cambodia