វគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប គ.ខ.ប.ជ ខេត្តស្ទឹងត្រែង

BY SOM SIVWIN

Published on 16 Nov, 2023

វគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណ​ជនរងគ្រោះដោយអំពើជួញដូរមនុស្ស  ដើម្បីផ្តល់សេវាសមស្រប

ស្ទឹងត្រែង៖ នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណ​ជនរងគ្រោះដោយអំពើជួញដូរមនុស្ស  ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមគណៈអធិបតីដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកស្រី កែវ សាវឿន អភិបាលរងខេត្ត និងលោក អ៊ុន វុទ្ធី មន្ត្រីកម្មវិធីប្រចាំប្រទេស នៃកម្មវិធី អាស៊ាន-អូស្ត្រាលី ប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT) ដែលវគ្គបណ្តុះបណ្តាលនេះ​រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត​ស្ទឹងត្រែង សហការរៀបចំដោយ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តស្ទឹងត្រែង និងឧបត្ថម្ភគាំទ្រដោយ អង្គការ អេស៊ានអាក់ និងអង្គការ​ហាការ ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីជួរមុខ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តស្ទឹងត្រែង ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សឲ្យបានជាក់លាក់ ឈានដល់ការកំណត់មុខសញ្ញា និងបង្ក្រាប ជនល្មើស ព្រមទាំងលើកកម្ពស់​ការផ្តល់សេវាជូនជនរងគ្រោះ។

សមាសភាពសិក្ខាកាម​ដែលអញ្ជើញចូលរួមមានមកពី រដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អាវុហត្ថខេត្ត សាលាដំបូងខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា មន្ទីការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាល ក្រុងស្ទឹងត្រែង ស្រុកសេសាន ស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបូរីអូរស្វាយសែនជ័យ សរុបអ្នកចូលរួមចំនួន ៣៥រូប (ស្រី ២៣រូប)។ 

 

 

                                                                                                                                                                                                    


   

Official Telegram NCCT Cambodia