អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ជូនដល់ គ.ខ.ប.ជ ខេត្តប៉ៃលិន

BY SOM SIVWIN

Published on 09 Oct, 2023

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ​ ១០រោច ខែភទ្របទ​ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដោយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ត្រី តែ សុថារ៉េត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជលោកជំទាវ ឡូញ ឈាង អភិបាលរងខេត្ត លោកជំទាវ សុខ សារី ក្រុមប្រឹក្សាខេត្ត លោកស្រី កែវ ម៉ាលី ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តប៉ៃលិន និងឧបត្ថម្ភគាំទ្រដោយអង្គការ ការីតាស់ស្វីស ក្រោមគម្រោង ទេសន្តរប្រវេសន៍នៅកម្ពុជា។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ និងការិយាល័យ នៃអង្គភាពជំនាញទាំង៦នៃរចនាសម្ព័ន្ធ គ.ខ.ប.ជ ស្នងការរង ស្ថាប័នអយ្យការ និងមន្ត្រីនៃមណ្ឌលទទួលពលករកំរៀង សរុបចំនួន ៤០រូប ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹង គោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ ដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ ៕ អត្ថបទ រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្រ្តបញ្ញា 


   

Official Telegram NCCT Cambodia