លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញក្នុងពិធីបុណ្យ កាន់បិណ្ឌទី៧ នៅវត្តទេពធីតារាម (ហៅវត្តយាយទេព) ឋិតនៅសង្កាត់ផ្សារក្រោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

BY SOM SIVWIN

Published on 06 Oct, 2023

 

ក្រុងកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានលោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង មន្រ្តីក្រោមឱវាទ របស់អគ្គលេខាធិការដ្ឋាន រួមនិងលោកអភិបាលក្រុង ប្រធានមន្ទីរ ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង ពុទ្ធបរិស័ទចំនុះជើងវត្តជិតឆ្ងាយ បានអញ្ជើញនាំយកនូវទេយ្យទានវេរប្រគេនព្រះសង្ឃ មានដូចជា ស្លាដក់ អង្ករ ភេសជ្ជៈ មានទឹកបរិសុទ្ធ ទឹកក្រូច និងបច្ចេយសម្រាប់កសាងវត្ត ចំនួន៥,០០០,០០០រៀល ប្រគេនព្រះអង្គអនគន្ធជាព្រះចៅអធិការ ២០០,០០០រៀល ប្រគេនភិក្ខុ៨អង្គ មួយអង្គ ១០០,០០០រៀល សាមណេរ ៧អង្គ មួយអង្គ ៥០,០០០រៀល  អាចារ្យ៤រនាក់ ម្នាក់ៗ ៥០,០០០រៀល គណៈកម្មការវត្ត ២៥នាក់ ម្នាក់ ២០,០០០រៀល លោកយាយសីលវត្តី ២៥នាក់ ម្នាក់ ១០,០០០រៀល កងកម្លាំង ១៨នាក់ ម្នាក់ ២០,០០០រៀល និងកុមារ និងទុរគតជន ប្រមាណ ៥០នាក់ ម្នាក់ ១០០០ ទៅ៣០០០រៀល ចូលរួមកាន់បិណ្ឌទី៧ នៅវត្តយាយទេពធីតារាម ឋិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  ។

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា​។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា​ ហេីយជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម ។

ពិធីបុណ្យភ្ជំុបិណ្ឌ គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា "ពិធីសែនដូនតា" ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹកK.279c ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។ ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី ។ ភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្ដុំដុំបាយឱ្យមកជួបជុំគ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន ដែលមានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលនៅរស់ ដើម្បីបានអាហារទាំងនោះទៅព្រលឹងខ្មោចដូនតារបស់ពួកគេ ពួកគេត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ ។​ ពិធីបុណ្យភ្ជំុបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ តាមជំនឿពីបុរាណ គេនិយមយកបាយបត្តបូរ ដែលមានន័យថា បាយបំពេញបាត្រ គ្របដោយសារជី យកទៅរាប់បាត្រនាពេលព្រឹកព្រលឹមដើម្បី ប្រគេន​ភិក្ខុ​សង្ឃ នៅជុំវិញព្រះវិហ៊ារ ដែលភិក្ខុសង្ឃនិងដើរពីស្ដាំទៅឆ្វេង តាមក្បួនឧត្តរាព័ទ្ធ ដំណើរវិលបញ្ច្រាសទ្រនិច្ចនាឡិកា តំណាងឱ្យពេវេលាមុនៗ របស់មនុស្សដែលស្លាប់ទៅ ហើយសាច់ញាតិពួកគេ និង ​ឧទ្ទិស​បាយទាំងនេះ ជាផល​បុណ្យ​ជូន​ទៅ​បុគ្គល​ដែល​ជាសាច់ញាតិពួកគេដែលជាប់ឃុំឃាំងនៅឋានរក ដើម្បីទុកជាកុសលជូនសាច់ញាតិពួកគេដើម្បីរំដោះកម្ម ។ ការរាប់បាត្រ រមែងធ្វើឡើងនៅជុំវិញព្រះវិហ៊ារ តែបច្ចុប្បន្ន ព្រះសង្ឃ និង គណៈអាចារ្យវត្តមួយចំនួនធំនៅ កម្ពុជា បែរជានាំពុទ្ធបរិស័ថ មករាប់បាត្រ នៅសាលាឆាន់ទៅវិញ ដែលជាភាពខុសឆ្គង ពីទំនៀមរបស់ខ្មែរបុរាណ ក្រោយបញ្ចប់ពិធីរាប់បាត្រ ក៏បន្តមកពិធីសូត្រធម៌បង្សុកូល ដែលមានន័យថា ជាកិច្ចសូត្រធម៌ទានចម្លងអាហារ ទៅកាន់ព្រលឹងខ្មោចដែលជាសាច់ញាតិរបស់ពួកគេ ដើម្បីឱ្យខ្មោចញាតិរបស់ពួកគេទទួលបានអាហារទាំងអស់នេះ ដែលកិច្ចពិធីនេះរមែងធ្វើឡើងនៅសាលាឆាន់ តាមទីវត្តអារាមនានាជាប្រពៃណីតរៀងមក ៕


   

Official Telegram NCCT Cambodia