សិក្ខាសាលាស្ដីពី "ភាពជាដៃគូសម្រាប់ជំនាញ និងការងារដល់ស្រ្តីដែលងាយរងគ្រោះ"
BY SOM SIVWINPublished on 11 Jul, 2023
សិក្ខាសាលាស្ដីពី "ភាពជាដៃគូសម្រាប់ជំនាញ និងការងារដល់ស្រ្តីដែលងាយរងគ្រោះ"
ភោជនីយដ្ឋានទន្លេបាសាក់២៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមសាឍ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំ ឯកឧត្តម កែប សារឿន ទីប្រឹក្សាបច្ចេកទេស គ.ជ.ប.ជ និងខ្ញុំបាទវរសេនីយ៍ឯក អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការទេសន្តប្រវេសន៍ ចូលរួមសិក្ខាសាលាស្ដីពី "ភាពជាដៃគូសម្រាប់ជំនាញ និងការងារដល់ស្រ្តីដែលងាយរងគ្រោះ" ក្រោមអធិបតីភាពលោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលរៀបចំដោយអង្គការ ណូមីណែតវើក (NOMI Network) នៅភោជនីយដ្ឋានទន្លេបាសាក់២ ។
សិក្ខាសាលាខាងលើមានអ្នកចូលរួមចំនួន ៣៣នាក់ ស្រី ១៩នាក់ ដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងកិច្ចការនារី សមាគមន៍ SHE Investment វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា ស្ថានទូតអូស្ត្រាលី អង្គការ ILO, CHAB DAI, UN WOMEN, CWCC, CFSWF, គេហទំព័រភ្នំពេញប៉ុស្តិ៍ និងថ្មីៗ ។ មានចំណាបអារម្មណ៍ក្នុងអង្គសិក្ខាសាលាកញ្ញា Supei Lui អនុប្រធាន និងជាសហស្ថាបនិកអង្គការ Nomi Network ថ្លែងក្នុងសិក្ខាសាលានេះថា អង្គការ Nomi Network បានធ្វើការជាមួយសហគមន៍ដែលខ្វះខាតបំផុតនៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កញ្ញា Supei Lui បានលើកឡើងថា៖ «នៅមានកិច្ចការជាច្រើនដែលត្រូវរៀនសូត្រ កសាង និងតភ្ជាប់ ដើម្បីយើងអាចបញ្ចប់គម្លាតការងារ និងនាំមកនូវការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់គ្រប់សហគមន៍នៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។ សំខាន់បំផុត យើងចង់ធ្វើឱ្យប្រាកដថា សហគមន៍ និងក្រុមដែលងាយរងគ្រោះបំផុតមិនត្រូវបានទុកចោល និងមិនរងគ្រោះក្នុងអំពើជួញដូរ»។
លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា គ្រប់ប្រតិបត្តិករពាក់ព័ន្ធបានខិតខំយ៉ាងខ្លាំងក្លាក្នុងការបំពេញបេសកកម្មរបស់ខ្លួនដើម្បីរួមចំណែកទប់ស្កាត់ បង្ក្រាប និងដោះស្រាយអំពើជួញដូរស្ត្រី និងក្មេងស្រី ប៉ុន្តែរូបភាពនៃការជួញដូរ និងការធ្វើអាជីវកម្មផ្លូវភេទកាន់តែមានភាពសាំញ៉ាំ និងផ្លាស់ប្ដូរឥតឈប់ឈរហើយជនល្មើសមានល្បិចខ្ពស់ដើម្បីគេចពីសំណាញ់ច្បាប់ ជាពិសេសការលេចឡើងនូវចរន្តថ្មីនៃការធ្វើអាជីវកម្មផ្លូវភេទតាមរយៈបណ្តាញព័ត៌មានសង្គម។លោកជំទាវវរីកត់សម្គាល់ថា អំពើជួញដូរមនុស្សគឺជារូបភាពនៃទាសករសម័យទំនើបក្នុងសតវត្សរ៍ទី២១ នេះ។ វាគឺជាការរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ និងផ្តល់ទុក្ខវេទនាដល់ជនរងគ្រោះ ក្រុមគ្រួសារ ព្រមទាំងដាក់បន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ក្នុងពិភពលោក។ ដោយឡែកស្ត្រី និងក្មេងស្រីមានហានិភ័យខ្ពស់ប្រឈមនឹងអំពើជួញដូរផ្លូវភេទអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសក្នុងចំណោមស្ត្រីបម្រើការងារតាមផ្ទះ។
លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ ថ្លែងក្នុងសិក្ខាសាលានេះថា គជបជ មានផែនការយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាង និងអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋាគតិយុត្តនានា។ លោកជំទាវបន្ថែមថា គជបជ ថែមទាំងមានយុទ្ធសាស្ត្រលើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានជាពិសេសស្ដ្រី និងកុមារ ព្រមទាំងលើកកម្ពស់ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងបង្កើនកិច្ចការពារជនរងគ្រោះជាពិសេសស្ត្រី និងកុមារ។លោកជំទាវ ប៉ុណ្ណ សំខាន់ ថ្លែងថា៖ «យុទ្ធសាស្ត្រទាំងអស់នេះ គឺអនុវត្តយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ មានក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ មានមន្ទីរ អង្គភាពពាក់ព័ន្ធ និងបើកទូលាយឱ្យអង្គការដៃគូចូលរួម»៕