ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល»  

BY SOM SIVWIN

Published on 12 Mar, 2023

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល»  

វិមាន៧មករា ៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  បានចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល»  ប្រារព្ធនៅវិមាន៧មករា ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម​នាយឧត្តម​សេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង លោកជំទាវ លោក លោកស្រី នាងកញ្ញា ថ្នាក់ដឹកនាំ និងមន្រ្តី នារីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ។ គោលបំណងនៃការប្រារព្ធមេន្ទិញអបអរសាទរនេះ គឺដើម្បីបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ សម្ដេចក្រឡាហោមបានថ្លែងថា ក្រៅពីការចូលរួមការងារក្នុងវិស័យសាធារណៈ នារីមានតួនាទីជាកាតព្វកិច្ចដ៏សំខាន់មួយមិនអាចខ្វះបាន គឺជាអ្នកបង្កើតនូវអ្នកបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់រហូតមានឈ្មោះថា «នារីជាមាតាពិភពលោក»។ សម្ដេចចាត់ទុកការប្រារព្ធទិវាអន្តរជាតិនារី ៨មិនា មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ តែដើម្បីឲ្យចងចាំថាសិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន និងមានលក្ខណៈពិសេសបន្ថែមមួយចំនួន ដែលនារីត្រូវតែទទួលបានការគោរព និងធានាសិទ្ធិ គឺសិទ្ធិក្នុងការចូលរួមបង្កើត ការពារ អភិវឌ្ឍន៍គ្រប់វិស័យ និងជា អ្នកអប់រំ ថែទាំ និងទ្រទ្រង់បរិស្ថានក្នុងការរស់នៅរបស់មនុស្សគ្រប់ជំនាន់។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាក្រសួងមហាផ្ទៃ ក៏បានធ្វើអោយប្រសើរឡើងនូវសមធ៌មយេនឌ័រ និងបរិយាប័ន្ន ដោយដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាព ដែលឆ្លើយតបទៅនឹងការផ្ដល់ឱកាស និងផលប្រយោជន៍ដល់ស្រ្តី និងបុរស ប្រកបដោយសមធ៌ម ទាំងនៅក្នុងជួរមន្ត្រីរាជការស៊ីវិល និងកងកម្លាំងក្រោមឱ វាទនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយ ក្រសួងមហាផ្ទៃពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ប្រកបដោយមោទនភាពចំពោះសមិទ្ធិផលទាំងឡាយ ដែលក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃធ្វើបានកន្លងមក និងសូមលើកទឹកចិត្តអោយមានការខិតខំប្រឹងប្រែង ជាបន្តទៀត ដើម្បីសម្រេចអោយបាននូវផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ។ 

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះផងដែរ សម្តេចនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការធ្វើឲ្យមានសមភាពយេនឌ័រក្នុងក្រសួងមហាផ្ទៃ ដោយនឹងដាក់ចេញគោលការណ៍បង្កើនចំនួនស្រ្តី ក្នុងជួរដឹកនាំ និងមន្រ្តីជានារី ក្នុងអង្គភាពនីមួយៗ ហើយសម្តេច គាំទ្រឲ្យមាន សន្និបាតបូកសរុបការងារយេនឌ៍រក្រសួងមហាផ្ទៃ ដើម្បីវាយតម្លៃអំពីភាពរីកចម្រើន ចំណុចប្រឈម និងទិសដៅការងារ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ៕

 


   

Official Telegram NCCT Cambodia