សិក្ខាសាលា ស្តីពី «កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងយន្តការរាយការណ៍អំពីរូបភាព-សម្ភារៈរំលោភបំពានផ្លូវភេទកុមារ CSAM» រៀបចំ និងសហការរវាងអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ និងអង្គការអេបផល APLE

BY SOM SIVWIN

Published on 11 Oct, 2022

សិក្ខាសាលា ស្តីពី «កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងយន្តការរាយការណ៍អំពីរូបភាព-សម្ភារៈរំលោភបំពានផ្លូវភេទកុមារ CSAM»

រាជធានីភ្នំពេញ៖ ៖ ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងអង្គការAPLE បានសហការៀបចំ សិក្ខាសាលា ស្តីពី « កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងយន្តការរាយការណ៍អំពីរូបភាព-សម្ភារៈរំលោភបំពានផ្លូវភេទកុមារ CSAM » ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ នៅសណ្ឋាគារ Hyatt ។​ សមាសភាពអញ្ជើញចូលរួមសិក្ខាសាលា ដែលជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ មានដូចជា៖ ក្រសួងអប់រំយុវជន និងកីឡា  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន ក្រសួងផែនការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អគ្គស្នងការដ្ឋាននគរបាលជាតិ  អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ សហគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សរុបចំនួន ៦២នាក់ (ស្រី ១៩នាក់) ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងស៊ីជម្រៅអំពីហានិភ័យ និងគ្រោះថ្នាក់នៃប្រព័ន្ធអនឡាញចំពោះកុមារ ទម្រង់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ (OCSEA) វិធានសុវត្ថិភាព របៀបរាយការណ៍ និងយន្តការបង្ការ ក៏ដូចជាដើម្បីប្រមូលធាតុចូល និងអនុសាសន៍ ដើម្បីបំពេញកង្វះក្របខណ្ឌច្បាប់សម្រាប់ក្រុមហ៊ុនឯកជន និងអ្នកផ្តល់សេវាអ៊ិនធឺណិត ឬសេវាអេឡិចត្រូនិក ក្នុងការចូលរួមដោះស្រាយហានិភ័យតាមអនឡាញ ការតាមដាននិងរាយការណ៍មាតិកាខុសច្បាប់ ការច្រោះនិងបិទខ្ទប់មាតិកាដែលមិនសមរម្យសម្រាប់កុមារ និងការសហការជាមួយអ្នកអនុវត្តច្បាប់។ លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះក៏នឹងជួយគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ (OCSEA) ឆ្នាំ២០២១-២០២៥ ដែលរាជរដ្ឋាភិបាលបានប្រកាស់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសេចក្តីថ្លែងការរបស់អាស៊ាន ស្តីពីការការពារកុមារពីរាល់ទម្រង់នៃការកេងប្រវ័ញ្ច និងរំលោភបំពានតាមអនឡាញ ។


   

Official Telegram NCCT Cambodia