វេទិកាជាតិអន្តរសាសនាលើកទី៦ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនាក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
BY SOM SIVWINPublished on 29 Sep, 2022
វេទិកាជាតិអន្តរសាសនាលើកទី៦ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនាក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
សាលសន្និបាត OCIC ជ្រោយចង្វារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ វេទកាជាតិអន្តរសាសនាលើកទី៦ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនាក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្រោមអធិបតីភាពសម្តេចអគ្្គមហាសេនាបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីមានការអញ្ជើញចូលរួមជាគណៈអធិបតី សម្តេចព្រះមហាសង្ឃរាជាទាំងពីរគណៈ សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករង នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីកសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតមេដឹកនាំនៃសាសនាទំាងបី ប្រចាំព្រះរាជាណាចក្រកម្ពុជាសាសនា មានឥស្លាម កាតូលិក និងប្រូតេស្តង់ ប្រធានទីភ្នាក់ការងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ជាអនុប្រធាន អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គជបជ និងថ្នាក់ដឹកនាំ មន្រ្តីក្រោមឱវាទ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ គណៈអភិបាលរាជធានីខេត្ត គ.ខ.ប.ជ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីបណ្ដាក្រសួងស្ថាប័ន ថ្នាក់ដឹកនាំសាសនាមានព្រះពុទ្ធសាសនាទាំង២គណៈ ព្រះសង្ឃ ឥស្លាមកម្ពុជា ប្រូតេស្តង់ សាសនាគ្រីស្ទ និងអង្គពិធីជាច្រើនអង្គនាក់ទៀត តំណាងនិកាយសាសនា យាយជី តាជី ប្រមាណ១៥០០ អង្គនាក់។
វេទិកាជាតិអន្តរសាសនាលើកទី៦បានលើយកប្រធានបទរួមមួយ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស!» ប្រារព្ធឡើងក្នុងគោលបំណង អំពាវនាវ និងប្រឆាំង ផងចំពោះរាល់សកម្មភាពទុច្ចរិតដែលប្រព្រឹត្តក្នុងដែនដីព្រះរាជាណាចក្រកម្ពុជា ទៅលើប្រជាជនកម្ពុជា ក៏ដូចជាជនប្រទេសដែលបានបំផ្លាញទាំងធនធានមនុស្សទាំងកិត្តិយស ទាំងភាពសុខសាន្តរបស់សង្គមជាតិ។ វេទិកាជាតិនេះផងដែរ ក៏បានបញ្ជាក់ពីភាពសុខដុមរមនាសាសនាទាំងឡាយនៅកម្ពុជា និងបានបង្ហាញពីឆន្ទៈមោះមុតពីថ្នាក់ដឹកនាំ និងបព្វជិតនៃនិកាយសាសនាទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលជាទម្រង់អមនុស្សធម៌មួយនៃការរំលោភបំពានលើសិទ្ធិ សេរីភាព និងកេងប្រវ័ញ្ជលើរាងកាយ សតិបញ្ញា កម្លាំងពលំរបស់មនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីតែផលប្រយោជន៍របស់ឧក្រិដ្ឋជន និងមិនខ្វល់ខ្វាយពីការវិនាសអន្តរាយរបស់អ្នកណាទាំងអស់ ។ ជំនឿសាសនា គឺជាផ្នែកមួយនៃការអប់រំខ្ពស់ផ្នែកស្មារតី និងឥរិយាបថក្នុងការរស់នៅ ឲ្យប្រកបដោយគុណធម៌ និងអាចបញ្ជៀសបានពីអំពើឧក្រិដ្ឋបំផ្លាញសង្គមប្រកបដោយប្រសិទ្ធភាព។ ច្បាប់តែម្យ៉ាងមិនគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សមានស្មារតីភ្ញាក់រលឹក ស្គាល់ខុស ស្គាល់ត្រូវ និងខិតខំកសាងខ្លួនឲ្យមនុស្សល្អក្នុងសង្គមបាន ។
គួររំលឹកផងដែរថា វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សបានប្រារព្ធចំនួនប្រាំមួយលើកកន្លងមកនេះ មានការចូលរួមពីនិកាយសាសនាធំៗបី គឺ ព្រះពុទ្ធសាសនា ឥស្លាមសាសនាកម្ពុជា គ្រិស្តសាសនា ប្រូតេស្តង់ ប្រកបដោយឆន្ទៈ និងបានព្រមព្រៀងស្វែងរកវិធីសាស្រ្តដើម្បីអប់រំ ទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយ ឲ្យប្រព្រឹត្តិនូវអំពើល្អចេះស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ ស្រលាញ់មនុស្សជាតិ និងចេះជួយការពារគ្នាទៅវិញទៅមក មិនសាងបាបគ្រោះលើអ្នកដទៃឲ្យរងទុក្ខដោយសារខ្លួន ។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរ វេទិកាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស គឺជាកម្មវិធីដ៏មានសារៈសំខាន់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយក ថ្ងៃទី២០ ខែសីហា ជាថ្ងៃប្រារព្ធទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស នៅទូទាំងប្រទេស ៕
\