កិច្ចប្រជុំឆ្លងរបាយការណ៍ឆមាសទី១ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២

BY SOM SIVWIN

Published on 19 Aug, 2022

កិច្ចប្រជុំឆ្លងរបាយការណ៍ឆមាសទី១ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ០៧រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក  ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ    បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ  មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិកគ.ជ.ប.ជ ​ មានឯកឧត្តម អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានគ.ជ.ប.ជ ទទួលបន្ទុកការងារទេសន្តរប្រវេសន៍ លោកជំទាវ វេជ្ជ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុប្រធានគ.ជ.ប.ជ ទទួលបន្ទុកការងារសហប្រតិបត្តិការជាតិ អន្តរជាតិ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធាន គ.ជ.ប.ជ ទទួលបន្ទុកក្រុមការងារជួយជនរងគ្រោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលបន្ទុកក្រុមការងារអនុវត្តច្បាប់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងពីក្រសួងអប់រំយុវជនកីឡា ក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន និងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ប្រធាន អនុប្រធាន នាយកដ្ឋាន នៃក្រសួងស្ថាប័ន ពាក់ព័ន្ធ ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ គ្រប់ក្រសួងស្ថាប័ន មន្ទីរអង្គភាព នៅគ្រប់កម្រិត និងអង្គការដៃគូរពាក់ព័ន្ធបានបន្តធ្វើសកម្មភាព ប្រតិបត្តិការតាមយុទ្ធសាស្ត្រដែលបានកំណត់ដោយទទួលបានលទ្ធផល ដែលនឹងត្រូវធ្វើការបូកសរុប និងកែសម្រួល លើនៅទិសដៅអនុវត្តបន្ត សម្រាប់ជាយន្តការឆ្លើយតប ​ចំពោះស្ថានភាពថ្មីៗដែលប្រជាជនកម្ពុជា ក៏ដូចប្រជាជននៃប្រទេសដ៏ទៃក្នុងតំបន់ រហូតដល់បណ្តាប្រទេសធំៗក្នុងពិភពលោក ក៏ធ្លាក់ក្នុងភាពរងគ្រោះដោយកលក្បិចឧក្រឹដ្ឋជន បញ្ហាជួញដូរមនុស្សបានក្លាយជាបញ្ហាសកលដែលស្ទើរគ្រប់ប្រទេសក្នុងសាកលលោកកំពុងប្រឈម ដោះស្រាយ និងកាន់តែស្មុគស្មាញខ្លាំងឡើងៗ។ នៅក្នុងលក្ខខណ្ឌប្រឈមជាសាកលនេះ ស្ថានភាពប្រជាជនយើងនៅតែមើលស្រាលស្ថានភាព មិនស្តាប់ការណែនាំ មិនតាមដានព័ត៌មានដែលមានប្រយោជន៍ បែរជាទៅស្តាប់ និងជឿការអូសទាញភូតភរពីមេខ្យល់ធ្វើឲ្យពួកគាត់ធ្លាក់ទៅក្នុងអំពើជួញដូរមនុស្ស និងខាតបង់ទាំងទ្រព្យសម្បត្តិនិងកម្្លាំងកាយ រហូតដល់ធ្លាក់ខ្លួនឈឺដ៏ធ្ងន់ធ្ងរថែមទៀត។

អញ្ជើញធ្វើបទបង្ហាញស្តីពីរបាយការណ៍សង្ខេបជូនអង្គប្រជុំ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានឱ្យដឹងថាក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានសហការជាមួយអង្គការដៃគូ ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព សរុបចំនួន ៥២.៨០២លើក មានអ្នកចូលរួម២.៣១២.៧៧៣នាក់ បានកើនឡើងជាង៣០.០០០នាក់ធៀបនឹងឆ្នាំ២០២១។លោកជំទាវ បានឱ្យដឹងថាក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន១២នាក់ ស្មើ៤សញ្ជាតិ។ សមត្ថកិច្ច ក៏បានសង្គ្រោះជនរងគ្រោះ១៥៦នាក់ ក្នុងនោះស្រី១០៥នាក់ អាយុក្រោម១៥ឆ្នាំ៦០នាក់។ក្នុង៦ខែដើម ឆ្នាំ២០២២នេះដែរ សាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើបទល្មើសក្រោមច្បាប់ស្ដីពីការង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយជាលទ្ធផលមាន៣ដំណាក់កាល គឺដំណាក់កាលអយ្យការអមសាលាដំបូង សរុប១៩៥សំណុំរឿង មានជនត្រូវចោទ១១១នាក់, ដំណាក់កាលចៅក្រមស៊ើបសួរ មាន១៧៨សំណុំរឿង មានជនត្រូវចោទ២៥០នាក់ និងដំណាក់កាលចៅក្រមជំនុំជម្រះមាន២៨០សំណុំរឿង មានជនត្រូវចោទ៣៤៨នាក់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ សម្ដេច ក៏បានលើកឡើងអំពីទំនាក់ទំនងក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងកម្ពុជា និងអាមេរិក និងបានណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។

សម្ដេច​ បានថ្លែងកោតសរសើរក្រុមការងារចំណុះលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ និងថាបើទោះបីជាបានសម្រេចកិច្ចការជាច្រើនហើយក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវបន្តរួមគ្នាដោះស្រាយ។ សម្ដេច ក៏បានណែនាំឱ្យចម្លងលទ្ធផលលម្អិតនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះដាក់ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗទៀតផងដែរ៕

 

 

 


   

Official Telegram NCCT Cambodia