កិច្ចប្រជុំពិភាក្សាយុទ្ធសាស្រ្ត ស្តីពីកិច្ចការពារសិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្ស
BY SOM SIVWINPublished on 17 Mar, 2022
កិច្ចប្រជុំពិភាក្សាយុទ្ធសាស្រ្ត ស្តីពីកិច្ចការពារសិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្ស
សណ្ឋាគារសាន់វ៉េរ៖ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ រួមនិងឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាល តំណាងឲ្យ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាយុទ្ធសាស្រ្ត ស្តីពីកិច្ចការពារសិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្ស ជាមួយអង្គការវីនរ៉ក់អន្តរជាតិ ដែលមានលោក ម៉ាក ថៃយល័រ ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ មានលោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកស្រី ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកការងារសហប្រតិបត្តិការជាតិអន្តរជាតិ លោកឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង ទទូលបន្ទុកការងារនៃក្រុមជំនួយកិច្ចការការពារជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្រវឌ្ឍនា ប្រធាននៃក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ លោកស្រី វរសេនីយ៍ទោ ថោង សុវត្តី អនុប្រធានក្រុមជំំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ពីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានអ្នកអនុវត្តគម្រោងរបស់អង្គការវីនរ៉ក់ និងសហការី និងអ្នកពាក់ព័ន្ធការងារជាមួយនឹងពលករទេសន្តរប្រវេសន៍ ។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងបង្កើតនៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការងារដែលផ្តោតលើកិច្ចការពារសិទ្ធិ សុវត្ថិភាព ពលករទេសន្តរប្រវេសន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងជួយជនរងគ្រោះដោយអំពោះជួញដូរមនុស្ស ។