Published on 11 Jan, 2022
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលទទួលពលករកំរៀង ព្រមទាំងសមិទ្ធផលនានាក្នុងមណ្ឌល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
ស្រុកកំរៀង៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលទទួលពលករកំរៀង ព្រមទាំងសមិទ្ធផលនានាក្នុងមណ្ឌល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ សមាសភាពថ្នាក់ដឹកនាំចូលរួមជាគណៈអធិបតី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ លោកម៉ាក គ្ល័រល័រ ប្រធានអង្គការការីតាសស្វីស ឯកឧត្តម ចាន់ សុផល ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធានក្រុមជំនួយកិច្ចការ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ជាអភិបាលខេត្ត និងស្នងការ នៃស្នងការដ្ឋានខេត្ត ជាប់ព្រំដែន មានសៀមរាប ប៉ៃលិន ឧត្តរមានជ័យ បន្ទាយមានជ័យ ឯកឧត្តម ឧ.ឯក សៀក សុជាតិ ប្រធានទីចាត់ការព្រំដែនកម្ពុជា-ថៃ នៃអគ្គបញ្ជាការដ្ឋានកងយោធិពលខេមរៈភូមិន្ទ ក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័ន ពាក់ព័ន្ធជាសមាជិករបស់ គ.ជ.ប.ជ មន្រ្តី អាជា្ញធរដែនដី របស់រដ្ឋបាលខេត្តបាត់ដំបង អភិបាល អភិបាលរងស្រុកកំរៀង មន្រ្តីឃុំ/ភូមិ និងស្រុកដែលជាប់ព្រំដែន កម្ពុជា-ថៃ កងកម្លាំងប្រដាប់អាវុធ នគរបាលប៉ុស្តិ៍ អន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិដូង វរៈនគរបាលការពារព្រំដែន បញ្ជាការសឹករងនៃស្រុកកំរៀង មន្រ្តីនិងបុគ្គលិកដែលប្រចាំការនៅមណ្ឌលទទួលពលករកំរៀង តំណាងពីអង្គការដៃគូរអភិវឌ្ឍនានាមានដូចជាអង្គការ សាម៉ារីតាន់ភើស (Caritas Swiss), ហាហ្គា (HAGAR), អាយអូអឹម(IOM), វីនរ៉ក់ (Winrock), អេបផល (APLE), សាម៉ារីតាន់ភើស( Samaritan Purse) ដែលធ្វើកិច្ចការរឿងទេសន្តរប្រវេសន៍ សរុបប្រមាណ៦០០នាក់ ។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងសុន្ទរកថាស្វាគមន៍ដល់គណៈអធិបតី និងអង្គពិធី ធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងព្រំដែន ក្រោមការចង្អុលបង្ហាញរបស់ សម្តេចក្រឡាហោម រដ្ឋបាលខេត្ត បានរៀបចំមណ្ធលចត្តាឡីស័ក បានចំនួន២៣កន្លែង បច្ចុប្បន្ននៅសល់តែ១កន្លែង។ ពលករវិលត្រឡប់ មកពីប្រទេសថៃក្នុងឆ្នាំ២០២១ មានចំនួន៦៩,២២២នាក់ បានធ្វើចត្តាឡីស័ក ៦៨,២៣៦នាក់ និងកំពុងស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កចំនួន ៤៩៦នាក់។
យោងតាមសេចក្តីរាយការណ៍ ថ្លែងដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ មណ្ឌលទទួលពលករកំរៀង បានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០១៩ ដោយមានការគាំទ្រយ៉ាពេញទំហឹងពីសំណាក់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងរដ្ឋបាលស្រុកកំរៀង ក្រោមជំនួយឧបត្ថម្ភរបស់ សប្បុរសជនក្នុងស្រុកកំរៀង និងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួន ចំណាយថវិកាអស់ចំនួន ១០០,០៤០ដុល្លារអាមេរិក ដែលមានហេដ្ឋារចនាសម្ព័ន្ធ ដីទំហំ៥០០០ម៉ែត្រក្រឡា អាគារការងារមួយខ្នងមាន៤បន្ទប់ ផ្ទះបាយមួយខ្នងមាន២បន្ទប់ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ស្រះទឹក ជាដើម។ គោលបំណងនៃការសាងសង់មណ្ឌល គឺដើម្បីប្រើប្រាស់ជាមណ្ឌលព័ត៌មាន សម្រាប់ពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ ជាមណ្ឌលប្រមូលព័ត៌មានអំពីជនរងគ្រោះ ជាទីតាំងផ្តល់នូវសេវាសង្គ្រោះបឋមដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជាកន្លែងអភិវឌ្ឍសមត្ថភាពមន្ត្រី ពាក់ព័ន្ធផងដែរ។ មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ សម្តេចក្រឡាហោម បានគូសបញ្ជាក់ផងដែរថា សមិទ្ធផលក្នុងមណ្ឌលនេះហាក់មិនមានទំហំធំ និងចំណាយច្រើនក្នុងការសាងសង់ បើប្រៀបធៀបទៅនឹងសមិទ្ធផលផ្សេងៗមួយចំនួន ប៉ុន្តែសមិទ្ធផលមណ្ឌលទទួលពលករកំរៀងនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានបង្ហាញនូវឆន្ទៈនយោបាយដ៏ធំធេង ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ មណ្ឌលទទួលពលករកំរៀង គឺជាមណ្ឌលទីពីររបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាជន ជាពិសេសពលករដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ។ សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា នៅពេលបច្ចុប្បន្ន អគារមណ្ឌលទទួលពលករមាននៅខេត្តបាត់ដំបងមួយកន្លែង និងនៅខេត្តបន្ទាយមានជ័យមួយកន្លែងទៀត ក្នុងករណីចាំបាច់ ស្របតាមឆន្ទៈនយោបាយក្នុងការជួយសង្គ្រោះពលកររងគ្រោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) អាចពិនិត្យលទ្ធភាពកសាងនៅអគារមណ្ឌលបន្ថែមទៀត ដូចជាក្នុងខេត្តឧត្តរមានជ័យជាដើម។ ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមការដឹកនាំរបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងសហការី ដែលបានសម្របសម្រួលយ៉ាងរលូន ជាមួយរដ្ឋបាលខេត្ត-ស្រុក និងអង្គការដៃគូនានា ក្នុងការធ្វើឱ្យសម្រេចនូវរូបរាងអគារទទួលពលករនេះឡើង ព្រមទាំងបន្តសហការ ក្នុងការផ្តល់សេវាចាំបាច់នានាតាមការគ្រោងទុកបានយ៉ាងល្អ។ សម្តេចក្រឡាហោម មានសង្ឃឹមយ៉ាងមុតមាំថា អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ សប្បុរសជន ព្រមទាំងអង្គការដៃគូជាតិនិងអន្តរជាតិ នឹងបន្តគាំទ្រ និងអភិវឌ្ឍមណ្ឌលនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចគ្រប់រូបភាព។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន អគារមណ្ឌលទទួលពលករមាននៅខេត្តបាត់ដំបងមួយកន្លែង និងនៅខេត្តបន្ទាយមានជ័យមួយកន្លែងទៀត ក្នុងករណីចាំបាច់ ស្របតាមឆន្ទៈនយោបាយក្នុងការជួយសង្គ្រោះពលកររងគ្រោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) អាចពិនិត្យលទ្ធភាពកសាងនៅអគារមណ្ឌលបន្ថែមទៀត ដូចជាក្នុងខេត្តឧត្តរមានជ័យជាដើម។ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមការដឹកនាំរបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងសហការី ដែលបានសម្របសម្រួលយ៉ាងរលូន ជាមួយរដ្ឋបាលខេត្ត-ស្រុក និងអង្គការដៃគូនានា ក្នុងការធ្វើឱ្យសម្រេចនូវរូបរាងអគារទទួលពលករនេះឡើង ព្រមទាំងបន្តសហការ ក្នុងការផ្តល់សេវាចាំបាច់នានាតាមការគ្រោងទុកបានយ៉ាងល្អ។
ជាចុងបញ្ជប់នៃកម្មវិធី សម្តេចក្រឡាហោម ប្រធានគ.ជ.ប.ជ បានផ្តល់កិត្តិយសប្រគល់ជូនលិខិតថ្លែងអំណរគុណ ដល់លោកឧកញ៉ា ស៊ាន ឃីម ដែលលោកឧកញ៉ាបានផ្តល់នៅទីតាំងដីផ្ទាល់ខ្លួនទំហំ ៥០០០ម៉ែតការ៉េ សម្រាប់កសាងមណ្ឌលទទួលពលករនេះ និងសប្បុរសជនដែលបានផ្តល់ថវិកាឧបត្ថម្ភសម្រាប់បំពេញបន្ថែមកង្វះខាតរបស់មណ្ឌលទទួលពលករកំរៀង និងពិធីដាំកូនឈើជានិមិត្តរូបនេះផងដែរ ៕