Published on 18 Oct, 2021
ក្រសួងយុត្តិធម៌៖ ថ្ងៃចន្ទ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំក្រសួងយុត្តិធម៌ មានប្រារព្ធកិច្ចប្រជុំពិនិត្យនិងពិភាក្សា ស្តីពីវឌ្ឍនភាពការងារប្រយុទ្វប្រឆាំងអំពើជួញដូរមនុស្សជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ។ មានការអញ្ជើញ ចូលរួមពីលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាអនុប្រធានគ.ជ.ប.ជ ទទួលបន្ទុកការងារសហប្រតិបត្តិការជាតិ អន្តរជាតិ ជាប្រធានក្រុមការងារដឹកនាំកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ឯកឧត្តម Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជា តំណាងអង្គការ USAID លេខាជាន់ខ្ពស់ស្ថានទូត និងសហការី ឯកឧត្តម លោកជំទាវជា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការប្រទេស ក្រសួងសង្គមកិច្ច លោកជំទាវ អគ្គលេខាធិការ នៃអគ្គលេខាធិកាដ្ឋាន គ.ជ.ប.ជ តំណាងពីធនាគារជាតិកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ នៃក្រសួងយុត្តិធម៌ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង អន្តោប្រវេសន៍ អគ្គលេខាធិការង គ.ជ.ប.ជ អគ្គនាយករង នៃអគ្គអត្តសញ្ញាណកម្ម ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជនអគ្គស្នងការដ្ឋាន តំណាងពីនាយកដ្ឋានពាក់ព័ន្ធ និង ប្រធានលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស នៃលេខាធិការដ្ឋាន គ.ជ.ប.ជ និងក្រសួងយុត្តិធម៌។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំ ជាមួយភាគីអាមេរិកទាក់ទងនឹងការជួយដូរមនុស្ស ដែលបានធ្វើឡើងនៅក្នុងក្រសួងយុត្តិធម៌ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងការជួញដូរមនុស្ស ហើយនៅក្នុងកិច្ចប្រជុំនេះខាងទូតអាមេរិកប្រចាំនៅកម្ពុជា បានប្តេជ្ញាយ៉ាងម៉ុតមាំថា នឹងបន្តជួយកម្ពុជាជានិច្ច ជាពិសេសខិតខំធ្វើយ៉ាងណាជួយកម្ពុជាឲ្យរួចពីចំណាត់ថ្នាក់លេខពីរមកជាភាពល្អប្រសើ ទាក់ទងនឹងការឃ្លាំមើលលើការជួញដូរមនុស្សនៅកម្ពុជាពីសំណាក់រដ្ឋាភិបាលអាមេរិកនោះ។ ជាមួយគ្នានោះដែរ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់ជាថ្មីផងដែរថា នាពេលបច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធ ជាពិសេសគឺក្រសួងមហាផ្ទៃ បានកំពុងរៀបចំតាក់តែងសេចក្តីព្រាងមួយចំនួនទាក់ទងនឹង ការជូញដូរមនុស្សនេះ ទៅក្នុងវិស័យអប់រំ ដើម្បីធ្វើយ៉ាងណាបញ្ជ្រៀបអំពីបញ្ហាការជួញដូរមនុស្សដល់ការ បឋមសិក្សា និងមធ្យមសិក្សាផងដែរ ៕