Published on 28 Sep, 2021
ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាបើក វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តសៀមរាប តាមប្រព័ន្ធវីដេអូអនឡាញ (ហ្សូម) ។ វគ្គនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជលោកស្រីអភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គ.ខ.ប.ជ សៀមរាប តំណាងស្ថាប័នយុត្តិធម៌ មានព្រះរាជអាជ្ញារងខេត្តជាគណៈអធិបតីអង្គពិធី ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកប្រធាន និងអនុប្រធាននៃក្រុមជំនួយកិច្ចការទំាង៦ មន្រ្តីរបស់លេខាធិការដ្ឋាន (ហើយក៏ជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ) និងមានការអញ្ជើញចូលរួមជាសិក្ខាកាម លោកស្រីស្នងការរង នៃស្នងការដ្ឋានខេត្តសៀមរាប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងពីមន្ទីរសង្គមកិច្ច កិច្ចការនារី មន្ទីរការងារមន្រ្តីរដ្ឋបាលសាលាខេត្ត ក្រុមការងារគ.ខ.ប.ជ អាជ្ញាធរដែនដី មន្រ្តីរដ្ឋបាលស្រុក ប្រធានគ.ក.ស.ក អភិបាលរងស្រុក អធិការរងស្រុក/ក្រុង កងរាជអាវុធហត្ថស្រុក មេឃុំ ប៉ូលីសតាមបណ្តាប៉ុស្តិ៍រដ្ឋបាល មន្រ្តីទទួលបន្ទុកកិច្ចការនារីឃុំ (អ.ក.ន.ក) មន្រ្តីបូកសរុបរបាយការណ៍ ក្រុង ស្រុក ជុំវិញខេត្តសៀមរាប អង្គការដៃគូរពាក់ព័ន្ធនានា។
វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដែលប្រកាសដាក់ឲប្រើប្រាស់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូន ទៅគោលដៅផ្តល់សេវាជាក់លាក់ ។ វគ្គនេះផងដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ចកំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ពីនីតិវិធី និងអាចប្រើប្រាស់បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋមដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផលនិងព័ត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ ៕