Published on 24 Sep, 2021
អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខួបលើកទី២៨ !
មកទល់សព្វថ្ងៃនេះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានអាយុកាល ២៨ឆ្នាំហើយ ហើយត្រូវបានកំណត់យកថ្ងៃទី២៤ ខែកញ្ញា រៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាក និងរំលឹកពីគុណូបក្ការៈ ស្នាដៃ កេរតំណែលរបស់ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកាលពីសម័យនោះ ក្រោយប្រទេសកម្ពុជាបានបញ្ចប់សង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ និងក្រោយកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហា អធិបតេយ្យភាព តួនាទី និង ឋានៈ របស់ ព្រះមហាក្សត្រ សិទ្ធិ ជា មូលដ្ឋាន របស់ ប្រជាពលរដ្ឋ ខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និង កិច្ចការ សង្គម ការប្រព្រឹត្តទៅ នៃ រដ្ឋសភា ព្រឹទ្ធសភា សមាជ និង រាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃ ស្ថាប័ន តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និង សភា ជាតិ។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព ។
គួររំលឹកផងដែរថា ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា។
រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា ៕