Published on 21 Aug, 2021
កម្មវិធីអន្តរសាសនាឆ្នាំ២០២១ ក្រោមប្រធានបទ « សូមពិភពលោករួចផុតពីជម្ងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស »
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តែងបានសហការគ្នាជាមេដឹកនាំសាសនាធំៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអង្គការការីតាសកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជាក៏ដូចប្រជាជនលើពិភពលោក រួចផុតពីជម្ងឺរាតត្បាត និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប ។ នេះជាសកម្មភាពដ៏កម្រមួយ ដែលបង្ហាញអំពីភាពសុខដុមរមនានៃសាសនា នៅក្នុងព្រះជាណាចក្រកម្ពុជា ដែលមានគោលដៅរួមគ្នា គឺ ការបង្កើតឲ្យមានសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្តដល់មនុស្សផងគ្នា ព្រមទាំងរួមគ្នាអប់រំកាយចិត្ត តាមបែបជំនឿសាសនារៀងៗខ្លួន ដល់សាសនិកទាំងឡាយ ឱ្យមានការប្រុងប្រយ័ត្ន រក្សាបាននៅវិធានការសុខាភិបាល និងលើកកម្ពស់សីលធម៌ក្នុងការរស់នៅ និងជួយដាស់តឿនក្រើនរំលឹកគ្នាមិនឲ្យធ្វើនូវអំពើបាបដោយការកេងប្រវ័ញ្ច រំលោភបំពាន ដែលនាំឲ្យមនុស្សដទៃ និងខ្លួនឯងរងទុក្ខវេទនា ។ ដោយឡែកឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ថ្លែងសុន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស នេះផងដែរ ។
កម្មវិធីអន្តរសាសនាដែលបានផ្សព្វផ្សាយក្នុងឆ្នាំ២០២១នេះ គឺជាលើកទី៤ហើយ ដែលទិវាថ្នាក់ជាតិមួយនេះបានរួបរួមគ្នាបង្កើតឡើង ដោយមានការឯកភាពគ្នារវាង គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំសាសនាធំៗទាំងឡាយនៅកម្ពុជា ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នា រវាងរាជរដ្ឋាភិបាល ស្ថាប័នសាសនា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងពីការរាតត្បាតជម្ងឺកូវីដ១៩និង អំពើជួញដូរមនុស្ស ដែលជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្ស គ្រប់វ័យ ទាំងទារក កុមារ យុវ័យ និងមនុស្សចាស់ គ្រប់ភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្ស បាត់បង់សេចក្តីសុខក្នុងគ្រួសារ ខូចខាតដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ យ៉ាងអាណចអធម្ម ។ គួររំលឹកផងដែរ នៅឆ្នាំ២០២០ កន្លងទៅនេះ អាស្រ័យដោយស្ថានភាពនៃការ្លងរីករាលដាលជម្ងឺកូវីវ១៩ ដែលកម្មវិធីជួបជុំដើម្បីប្រារព្ធពិធីត្រូវបានខកខាន និងពន្យាពេល ។ ក្នុងឆ្នាំ២០២១នេះ គឺជាពេលវេលាដ៏លំបាកដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច គ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋ បាននឹងកំពុងប្រឹងប្រែងតស៊ូទប់ទល់នៅបញ្ហាប្រឈម ដែលបង្ពពីការរាតត្បាតនៃជម្ងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី ដែលនេះគឺជាពេលវេលាសមស្របដែលយើងត្រូវផ្តល់កម្លាំងចិត្ត ពង្រឹងស្មារតី និងដាស់តឿន ក្រើនរំលឹកនិងទប់ស្កាត់ ប្រឆាំងជម្ងឺកូវីដ១៩ និងអំពើជួញដូរមនុស្ស ។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តធ្វើសកម្មភាពរួមគ្នា និងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យយល់ដឹង ពីស្ថានភាពនៃជម្ងឺឆ្លងរាតត្បាត និងអំពើជួញដូរមនុស្ស ផលប៉ះពាល់ និងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕