សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ការពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (តាមប្រព័ន្ធអនឡាញ) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ រៀបចំដោយអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដោយមានកិច្ចសហការគ្នាជាមួយអង្គការIOM និងអង្គការវីនរ៉ក់ កម្ពុជា

BY SOM SIVWIN

Published on 22 Jul, 2021

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ ថ្ងៃព្រហស្បតិ៍ ១៣ និងថ្ងៃសុក្រ១៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី ២២-២៣  ខែកក្កដា ឆ្នាំ ២០២១ នេះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជបានរៀចចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ការពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ប្រព័ន្ធពីចំងាយហ្សូម ZOOM ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ។ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានប្រគល់ភារកិច្ច ជូនអ្នកវាយតម្លៃឯករាជពីខាងក្រៅ ដើម្បីប៉ាន់ប្រមាណអំពី ទំហំការងារ លទ្ធផល និងភាពប្រឈមដែលយើងបានអនុវត្តក្នុងរយៈពេល ២ឆ្នាំកន្លះ (២០១៩-២០២១) មកនេះ ដែលយើងបានប្រគល់ភារកិច្ចទៅអង្គការ វិនរ៉ក់ អន្តរជាតិ ក្រោមជំនួយ ពីអង្គការយូសេដ USAID (សហរដ្ឋអាមេរិក) ហើយសម្រាប់ការងារថ្មីបន្តទៀត ចាប់ពីពេលនេះ ដល់ដាច់ឆ្នាំ២០២៣ ដែលភារកិច្ចនេះ ប្រគល់ជូនអង្គការ IOM ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តទៀត ។

សមាសភាពអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ មានឯកឧត្តម លោកជំទាវ តំណាង ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសជាន់ខ្ពស់ និងសហការី ពីបណ្តាក្រសួងស្ថាប័ន ជាសមាជិក សមាជិកាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានលោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន  ប្រធាន និងអនុប្រធាននៃក្រុមជំនួយកិច្ចការទាំង៦ លោកស្រី គ្រីស្ទីន ផាកូ ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិប្រចាំនៅកម្ពុជា និងសហការីលោកម៉ាក ថៃលរ ប្រធានអង្គការវីនរ៉ក់  និងសហការី ឯកឧត្តម លោកជំទាវ ជាអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្នុងលេខាធិការដ្ឋាន គ.រ.ប.ជ និងគ.ខ.ប.ជ លោក លោកស្រីជាតំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអង្គការសង្គមស៊ីវិល ជាដៃគូរ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រមាណជាង១០០នាក់។ ក្រោយពីបានស្តាប់លោកស្រី គ្រីស្ទីនផាកូ ប្រធានអង្គការ  IOM មានមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលាលោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានថ្លែងពីមតិចាប់អារម្មណ៍  និងគោលបំណងនៃអង្គសិក្ខាសាលា គឺដើម្បីពិភាក្សាពិគ្រោះយោបល់ ស្វែងរកបទពិសោធន៍ល្អ និងចំណុចខ្វះចន្លោះ ឧបសគ្គ និងភាពប្រឈម ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាត ដោយកូវីដ ១៩ និងផលប៉ះពាល់ ដែលនាំឲ្យរាំងស្ទះដល់ការអនុវត្ត ក៏ដូចជាប៉ាន់ប្រមាណលើ ឧបសគ្គ និងហានិភ័យដែលបម្រុងនឹងកើតមានក្នុងពេលខាងមុខ ព្រមទាំងលទ្ធភាព ចំណុចខ្លំាង ដែលយើងមាន ដើម្បីច្នៃប្រឌិត ផ្តួចផ្តើមនូវការងារថ្មីបន្តទៀត ចាប់ពីពេលនេះ ដល់ដាច់ឆ្នាំ២០២៣។ លោកជំទាវបានថ្លែងបញ្ជាក់ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាថ្ងៃនេះ ពិតជាមានសារសំខាន់ ក្នុងកិច្ចពិភាក្សានេះ ក៏បានផ្តល់នៅការប្រមូលនៅព័ត៌មាន ទិន្នន័យ ផ្តល់គំនិតផ្តួចផ្តើមល្អៗ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់យើងទាំងអស់គ្នា ។

កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះនឹងត្រូវបន្តរយៈពេល២ថ្ងៃ នឹងត្រូវបែងចែកជា៣ក្រុមសម្រាប់ធ្វើការពិភាក្សា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាងភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន តំណាងពី គ.រ.ប.ជ និងគ.ខ.ប.ជ អាជ្ញាធរមានសមត្ថកិច្ច  និងអង្គការដៃគូរ ដោយចែកចេញជា៤ប្រធានបទ៖ -ប្រធានបទទី១ ស្តីពីការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស៖ ការពិភាក្សាផ្តោតទៅលើបទពិសោធន៍ល្អ និងភាពប្រឈមនានាក្នុងវិធីសាស្រ្តនីមួយៗដែលបានអនុវត្តសម្រាប់ការងារ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងគោលដៅខុសៗគ្នា (សហគមន៍ដែលងាយរងគ្រោះ យុវវ័យ និងកុមារក្នុងសាលារៀន យុវវ័យ និងកុមារក្នុងសហគមន៍ ក្រុមជនទេសន្តប្រវេសន៍ដែលវិលត្រលប់ ក្រុមស្រ្តីវ័យក្មេង អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ...) ការប៉ាន់ប្រមាណពីវិធីដោះស្រាយ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ-១៩ និងផលប៉ះពាល់ក្នុងរង្វង់ ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដែលអាចធ្វើអោយការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្សមានប្រសិទ្ធភាព ។

-ប្រធានបទទី២ ស្តីពីការងារអនុវត្តច្បាប់ យុត្តិធម​៌ព្រហ្មទណ្ឌ(ការស៊ើបអង្កេត ការបង្រ្កាប សង្គ្រោះ និងផ្តន្ទាទោស)៖ កិច្ចពិភាក្សា នឹងផ្តោតលើបទពិសោធន៍ ភាពប្រឈមក្នុងដំណាក់កាលនីមួយៗ នៃការអនុវត្តនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ ដែលបានអនុវត្តកន្លងមក រួមមានទាំង ការងារស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ការបង្ក្រាប ការសង្គ្រោះជនរងគ្រោះ ការបញ្ជូនជនរងគ្រោះ ការអនុវត្តនីតិវិធីតុលាការ ការឃុំគ្រងជនក្រៅឃុំ កិច្ចសហការក្នុងការអនុវត្តនីតិវិធីក្នុងការស្វែងរកជនល្មើស ការបង្ក្រាប និង ការអនុវត្តនីតិវិធីតុលាការ ក្នុងការផ្តន្ទាទោសជនល្មើសនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យជនល្មើសពិតប្រាកដ និងអ្នកពាក់ព័ន្ធបានទទួលការផ្តន្ទាទោសត្រឹមត្រូវតាមច្បាប់កំណត់ ជនរងគ្រោះទទួលបានយុត្តិធម៌ និងទទួលបានសំណងសមស្រប ដែលធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងភាពកក់ក្តៅ ហើយគោរពកោតខ្លាចច្បាប់មិនហ៊ានប្រព្រឹត្តខុសច្បាប់។ ទន្ទឹមនឹងនោះ គប្បីប្រមើលមើលអំពីវិធីសាស្រ្តថ្មីៗ ដែលនាំឲ្យមានការចូលរួមកាន់តែច្រើនពីប្រជាពលរដ្ឋក្នុងការវែកមុខរកជនប្រព្រឹត្តបទល្មើសជួញដូរមនុស្ស កិច្ចសហការកាន់តែប្រសើររវាង មន្រ្តីនគរបាលយុត្តិធម៌ មន្រ្តីសង្គមកិច្ច និងតុលាការ ក៏ដូចជាជាមួយអង្គការដៃគូពាក់ព័ន្ធ និងជនរងគ្រោះផ្ទាល់ ដើម្បីបង្កើនប្រសិទ្ធភាពដល់ការអនុវត្តច្បាប់ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ ១៩ និងផលប៉ះពាល់ ក្នុងរង្វង់ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលអាចធ្វើឲ្យការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្សមានប្រសិទ្ធភាព។

-ប្រធានបទទី៣ ស្តីពីការងារសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងអំពើជួញដូរមនុស្ស និងការគ្រប់គ្រងលំហូរមិនប្រក្រតីនៃពលករឆ្លងកាត់ព្រំដែន ៖ កិច្ចពិភាក្សា នឹងផ្តោតលើបទពិសោធន៍ល្អ និងភាពប្រឈមក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសពាក់ព័ន្ធ ក៏ដូចជាការអនុវត្ត អនុស្សរណៈ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស និងនីតិវិធីប្រតិបត្តិស្តង់ដានានា ដែលបានចុះហត្ថលេខាកន្លងមក ក្នុងការ បង្ការទប់ស្កាត់លំហូរពលករឆ្លងដែនមិនប្រក្រតី ការស៊ើបអង្កេត ការ  បង្ក្រាបបទល្មើសជួញដូរមនុស្ស កិច្ចសហការជាមួយអាជ្ញាធរបរទេសក្នុងការសង្គ្រោះជនរងគ្រោះ និងការកំណត់អត្តសញ្ញាណជនរងគ្រោះនៅក្រៅប្រទេស នីតិវិធី និងកិច្ចសហការក្នុងការបញ្ជូនជនរងគ្រោះដើម្បីធ្វើមាតុភូមិនិវត្តន៍ ការបញ្ជូន និងទទួលពលករវិលត្រឡប់ និងបញ្ជូនត្រឡប់ដោយអាជ្ញាធរបរទេស នីតិវិធីរដ្ឋបាល តាមប្រេព័ន្ធការទូត កិច្ចសហការក្នុងការគ្រប់គ្រងលំហូរពលករមិនប្រក្រតីឆ្លងកាត់ព្រំដែន។ ប្រមើលមើលអំពីដំណោះស្រាយ ដែលនាំឲ្យកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសពាក់ព័ន្ធ ក្នុងការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍មិនប្រក្រតី​ឆ្លងកាត់ព្រំដែន នីតិវិធីនៃការបញ្ជូន និងទទួលពលករដែលអាចគ្រប់គ្រងបាន ការរួមគ្នាប្រឆាំងការជួញដូរ និងកេងប្រវ័ញ្ចគ្រប់រូបភាពលើពលករកម្ពុជាទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងប្រទេសគោលដៅ នៅគ្រប់ដំណាក់កាលក្នុងវដ្តនៃទេសន្តរប្រវេសន៍បានកាន់តែល្អប្រសើរ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ ១៩ និងផលប៉ះពាល់ ក្នុងរង្វង់ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលអាចធ្វើឲ្យការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងកិច្ចការពារពលករទេសន្តរប្រវេសន៍ មានប្រសិទ្ធភាពខ្ពស់ ។

-ប្រធានបទទី៤ ការងារការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ៖ កិច្ចពិភាក្សា នឹងផ្តោតលើបទពិសោធន៍ល្អ ក្នុងការងារការពារជនរងគ្រោះ ដែលមានវិធីសាស្រ្តខុសៗគ្នា រវាងជនរងគ្រោះជាកុមារ  កុមារ (កុមារី កុមារា) យុវវ័យ (ស្រ្តី បុរស) មនុស្សពេញវ័យ និងមនុស្សចាស់ (ស្រ្តី និងបុរស) ស្រ្តីដែលមានកូនតាមខ្លួន ជនមានពិការភាព ជនមានស្មារតីវិបល្លាស អ្នកជម្ងឺ អ្នកមានផ្ទុកមេរោគ កូវីដ ១៩ ...។ល។ ក្នុងដំណាក់កាលនីមួយៗ ចាប់តាំងពីការទទួលជនរងគ្រោះ កំណត់អត្តសញ្ញាណជនរងគ្រោះបឋម ការផ្តល់សេវា ការបញ្ជូនទៅគោលដៅផ្តល់សេវា កិច្ចសហការក្នុងការផ្តល់សេវាតាមប្រភេទនៃសេវា ការតាមដានស្ថានភាពជនរងគ្រោះ ការប៉ាន់ប្រមាណស្ថានភាពគ្រួសារ ការរក្សាទុក និងថែទាំជនរងគ្រោះក្នុងមណ្ឌលសុវត្ថិភាព ការធ្វើសមាហរណកម្មជនរងគ្រោះនៅក្នុងសហគមន៍ ការស្តារនីតិសម្បទា កិច្ចការពារជនរងគ្រោះក្នុងដំណើរការនៃនីតិវិធីតុលាការ ការធ្វើមាតុភូមិនិវត្តន៍ កិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធ និងរវាងអាជ្ញាធរ និងសមត្ថកិច្ចប្រទេសពាក់ព័ន្ធ។ ភាពប្រឈមក្នុងតំណាក់កាលនីមួយៗ ភាពប្រឈមក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសពាក់ព័ន្ធ ក៏ដូចជាការអនុវត្ត អនុស្សរណៈ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហការប្រឆាំងការជួញដូរមនុស្ស និងនីតិវិធីប្រតិបត្តិស្តង់ដានានា ដែលបានចុះហត្ថលេខាកន្លងមក ក្នុងការសង្គ្រោះ ការបញ្ជូន និងការទទួលជនរងគ្រោះ និងការផ្តល់កិច្ចការពារជនរងគ្រោះរវាងប្រទេសពាក់ព័ន្ធ​ ការអនុវត្តនីតិវិធីតុលាការដើម្បីជនរងគ្រោះទទួលបានយុត្តិ​ធម៌ ការអនុវត្តបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ក្នុងចំណោមពលករវិលត្រឡប់ ឬបញ្ជូនត្រឡប់ នីតិវិធីនៃការបញ្ជូន និងការផ្តល់សេវា ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ ១៩ និងផលប៉ះពាល់ ក្នុងរង្វង់ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលអាចធ្វើឲ្យការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងកិច្ចការពារពលករទេសន្តរប្រវេសន៍ មានប្រសិទ្ធភាពខ្ពស់ ...។

 

 

 


   

Official Telegram NCCT Cambodia