កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញលើប្រធានបទស្តីពីវឌ្ឍនភាពការងាររបស់គណ:កម្មាប្រឹក្សាយោបល់គម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមរវាង កម្ពុជា -ថៃ នៅខេត្តកោះកុង និងខេត្តត្រាត លើកទី៣

BY SOM SIVWIN

Published on 20 Apr, 2021

ភ្នំពេញ ៖ ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម  ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង និងលោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការ ទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញលើប្រធានបទស្តីពីវឌ្ឍនភាពការងាររបស់គណ:កម្មាប្រឹក្សាយោបល់គម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមរវាង កម្ពុជា -ថៃ  នៅខេត្តកោះកុង និងខេត្តត្រាត  លើកទី៣។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងក្រសួងអប់រំ  យុវជន  និងកីឡា ដែលមានការចូលរួមពីអង្គការដៃគូគាំទ្រគម្រោង  និងថ្នាក់ដឹកនាំមកពីនាយកដ្ឋានជំនាញក្រសួង អ.យ.ក។

អង្គប្រជុំបានពិភាក្សាទៅលើដំណើរការកម្មវិធីក្នុងគម្រោងវគ្គ១ ការងារបច្ចេកទេស និងខ្លឹមសារមេរៀនដែលលោកគ្រូអ្នកគ្រូនៅខេត្តកោះកុងបានផលិតជាខ្សែវីដេអូ(មេរៀន) ចំនួន៤ សម្រាប់ត្រៀមបង្រៀនដល់សិស្សខ្មែរ និងសិស្សថៃ សម្រាប់រយ:ពេលបង្រៀន២០ម៉ោងសាកល្បងនៅសាលាគោលដៅទាំងខាងកម្ពុជា  និងថៃ។ ជាលទ្ធផលអង្គប្រជុំបានសម្រេចកម្មវិធីការងារមានដូចជា÷ ១.ការពិនិត្យផ្តល់យោបល់ទៅលើវីដេអូចំនួន៤ ដែលត្រូវបានផលិតឡើងតាមស្មារតីនៃអង្គប្រជុំ ដោយលោកគ្រូអ្នកគ្រូនៅខេត្តកោះកុង និងក្រុមការងាររបស់ គណ:កម្មាការប្រឹក្សាយោបល់។ ២. ប្រធានអង្គប្រជុំបានប្រគល់ភារកិច្ចជូនលោក អ៊ិន  វិជ្ជា ដែលជាជនបង្គោលនៅខេត្តកោះកុង ដើម្បីធ្វើព្រាងរបៀបវារ:ដាក់ឆ្លងថ្នាក់ដឹកនាំ និងក្រុមការងាររបស់គណ:កម្មាការប្រឹក្សាយោបល់សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខាងមុខតាមប្រព័ន្ធវីដេអូអនឡាញជាមួយភាគីថៃ ។ ៣. អង្គប្រជុំបានកំណត់យកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដើម្បីជួបប្រជុំរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជានឹងគោរពស្នើសុំការដឹកនាំប្រជុំផ្ទាល់ដោយលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ជាមួយខាងភាគីថៃដើម្បីផ្តល់យោបល់ និងធាតុចូលនានាលើខ្លឹមសារ និងទម្រង់នៃវីដេអូបង្រៀនសាកល្បង ៕

 

 




   

Official Telegram NCCT Cambodia



Page generated in 0.0151 seconds, with 7 database query and 0 memcache.