លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព បើកអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍(MGI) របស់កម្ពុជា និងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM)

BY SOM SIVWIN

Published on 12 Jan, 2021

សណ្ឋាគារ Raffles Le Royal - រាជធានីភ្នំពេញ  ៖ ព្រឹកថ្ងៃអង្គារ ១៤រោច  ខែបុស្ស  ទោស័ក  ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១  អគ្គលេខាធិការដ្ឋានគណៈកម្មា ធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ.ជ.ប.ជ ដោយមានកិច្ចសហការជាមួយអង្គការអាយអូអឹម(IOM)  បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសូច នាករអភិ បាលកិច្ចទេសន្តរប្រវេសន៍(MGI)របស់កម្ពុជា និងការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ  ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកគ្រីស្ទីន ផាកូ ប្រធានអង្គការអាយអូអឹម (IOM) ប្រចាំប្រទេសកម្ពុជា និងជាតំណាងអង្គការសហប្រជាជាតិ ។ អញ្ជើញចូលរួមជាគណៈអធិបតី និងអ្នកចូលរួមកិច្ចប្រជុំនេះមាន ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  ក្រសួងសង្គមកិច្ច អតីតយុទ្ធជន  និងស្តារយុវនីតិសម្បទា   រដ្ឋលេខាធិការក្រសួងកិច្ចការនារី  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ក្រសួងផែនការ ក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ  ទីចាត់ការព្រំដែន នៃក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ .ប៉ុណ្ណ សំខាន់  អគ្គលេខាធិការ  ឯកឧត្តម  លោកជំទាវ អគ្គលេខាធិការរង  ទីប្រឹក្សា ប្រធាន លេខាធិការដ្ឋានរដ្ឋបាល-សរុប របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ  និងឯកឧត្ដម  លោកជំទាវ  អស់លោក  លោកស្រី មន្រ្តីបច្ចេកទេស  តំណាងមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ។

គោលបំណង នៃការធ្វើសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីគាំទ្រដល់គោលនយោបាយទេសន្តរប្រវេសន៍របស់ប្រទេសនីមួយៗ ដើម្បីឲមានការគ្រប់គ្រងល្អតាមរយៈការជួយវាយតម្លៃ លើភាពគ្រប់ជ្រុងជ្រោយនៃរចនាសម្ព័ន្ធងភិបាលកិច្ចទេសន្តរប្រវេសន៍និងកំណត់អទិភាពនានា។ សូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍ (MGI) អាចត្រូវបានប្រើសម្រាប់ជម្រុញឲមានការពិភាក្សាលើរចនាសម្ព័ន្ធគោលនយោបាយទេសន្តប្រវេសន៍របស់ប្រទេសនីមួយៗនៅក្នុងរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា។ វាអាចជាជំនួយក្នុងការវាយតម្លៃ ថាតើរចនាសម្ព័ន្ធដែលមានស្រាប់ជាច្រើនឆ្នាំមកហើនេះអាចជួយដោះស្រាយបញ្ហាប្រឈម និងឱកាសនានានៅក្នុងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះដែរទេ។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានមតិចាប់អារម្មណ៍ និងថ្លែងបើកក្នុងអង្គសិក្ខាសាលាលោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានសំដែងសេចក្តីសោមនស្សរីករាយ ដោយបានរួមសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) រៀបចំសិក្ខាសាលាថ្នាក់ជាតិនេះឡើង ដើម្បីពិនិត្ យពិភាក្សាលើរបាយការណ៍សូចនាករណ៍អភិបាលកិច្ចទេសន្តរប្រវេសន៍ និងការរៀបចំផែនការសកម្មភាពអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់។ កតិកាសញ្ញាពិភពលោកស្តីពី ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ត្រូវបានអនុម័តនាខែធ្នូ ឆ្នាំ២០១៨មក ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋសមាជិកនៃកតិកាសញ្ញា និងបានចូលរួមពេញទំហឹង ក្នុងដំណើរការរៀបចំ ពិគ្រោះយោបល់រហូតដល់ចូលរួមអនុម័តកតិកាសញ្ញាពិភពលោកនេះ  នៅតែបន្តប្តេជ្ញាចិត្តជម្រុញការអនុវត្តឲ្យបានទទួលលទ្ធផលល្អប្រសើរ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ របស់ពលករដែលជាពលរដ្ឋកម្ពុជា រួមទាំងពលករដែលចូលមកធ្វើការនៅកម្ពុជា ក៏ដូចជាដើម្បីផលប្រយោជន៍ជាតិ ដែលបានមកពីការការងារនៅក្រៅប្រទេសរបស់ពលករ និងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលពលករប្រឈមក្នុងអំឡុងពេលធ្វើទេសន្តរប្រវេសន៍ការងារ និងផលប៉ះពាល់ ព្រមទាំងដើម្បីលើកកម្ពស់គុណតម្លៃនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូន និងប្រទេសទទួលក្នុងការគ្រប់គ្រង និងគាំពារពលករទេសន្តរប្រវេសន៍។ បន្ថែមពីនេះលោកជំទាវបាន ថ្លែងបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ ពិតជាមានសារសំខាន់ ក្នុងការពិនិត្យពិភាក្សាលើរបាយការណ៍សូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជា ដែលអង្គការ IOM ក្នុងតួនាទីជាទីប្រឹក្សា និងជំនួយការប្រតិបត្តិតាមបណ្តាប្រទេសសមាជិកក្នុងពិភពលោក ជាពិសេស ប្រចាំនៅកម្ពុជាបានខិតខំស្រាវជ្រាវ និងចងក្រងសម្រាប់ជារបាយការណ៍បឋមដើម្បីធ្វើជាឧបករណ៍វាស់ស្ទង់នូវបម្រែ    បម្រួលប្រសើរឡើងនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ និងដើម្បីប្រើប្រាស់ជាខ្នាតវាស់នៃអភិបាលកិច្ចទេសន្តរប្រវេសន៍ ចំណុចខ្វះខាតដែលត្រូវកែលម្អ និងបំពេញបន្ថែមឲ្យរឹតតែប្រសើរឡើង ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចរបស់ជនទេសន្តរប្រវេសន៍ គ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិ៕


   

Official Telegram NCCT Cambodia