គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 27 May, 2020

(ទីស្ដីការក្រសួងមហាផ្ទៃ) ៖  ព្រឹកថ្ងៃពុធ  ៧កើត  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី២៧  ខែឧសភា ឆ្នាំ២០២០  គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ.ជ.ប.ជ បានបើកពីធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស   ឆ្នាំ២០១៩  និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម  ស ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ   និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពជួញដូរមនុស្ស។  កិច្ចប្រជុំនេះប្រព្រឹត្តិឡើងដោយមានការចូលរួមរបស់ប្រធាន-សមាជិក ក្រុមការងារទាំង៦ មកពីក្រសួងស្ថាប័ន រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវីជ្ជាជីវៈ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន  រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រដ្ឋមន្រ្តីក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទា ឯកឧត្តម នាយឧត្តមសេនីយ៏សន្តិបណ្ឌិត អគ្គស្នងការដ្ឋាន នគរបាលជាតិ អភិបាល  អភិបាលរងរាជធានី /ខេត្តទទួលបន្ទុក គណៈកម្មាធិការខេត្តប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ  និងស្ថាប័នពាក់ព័ន្ធ  អង្គការដៃគូអភិវឌ្ឍន៍ ជាតិអន្តរជាតិ ក្នុងព្រះរាជាណាច្រកម្ពុជា  និងឯកជនប្រមាណជាង  ២០០នាក់ ។ 

លោកជំទាវរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានមានប្រសាសន៍បញ្ជាក់ជូនសម្ដេច និងអង្គពិធីអំពីលទ្ធផលការងារប្រយទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងការងារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការបង្ការទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ ការលើកកម្ពស់សមត្ថភាពគាំទ្រ ទាំងនៅក្នុងកម្រិតផ្ទៃប្រទេស និងក្រៅប្រទេស។ លោកជំទាវបន្តថាកាលពីឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្តបានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន១៦៩លើ១៣៤ករណីកើន៣៥ករណីស្មើនឹង២៦,១១ភាគរយឃាត់ខ្លួនជនសង្ស័យបាន២២៩លើ២២៤នាក់ធៀបនឹងឆ្នាំ២០១៨ និងបានសង្គ្រោះជនរងគ្រោះចំនួន៤៥៦នាក់ លើ២៣០នាក់ ព្រមទាំងបានផ្ដន្ទាទោសជនល្មើសបានជាច្រើនកររណីទៀត។

ថ្លែងនៅក្នុងអង្គពិធីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិណែនាំទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានថ្លែងអបអរសាទរចំពោះលទ្ធផលនៃការប្រយទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការព្យាបាលអ្នកជំងឺឱ្យបានជាសះស្បើយ និងគ្មានអ្នកស្លាប់ ដែលការងារនេះត្រូវបានសម្ដេចសង្កត់ធ្ងន់ថាជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ពិសេសអង្គការសុខភាពពិភពលោក។យ៉ាងណាក៏ដោយ សម្ដេចនៅតែបន្តទទូចឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាបន្តទៀតជាមួយរាជរដ្ឋាភិបាល ដោយមិនត្រូវមើលស្រាលសភាពការណ៍ និងបាត់ការប្រុងប្រយ័ត្ននោះទេ ដ្បិតសម្ដេចសង្កេតឃើញថាមួយរយៈពេលមកនេះ ប្រជាពលរដ្ឋហាក់ដូចជាបន្ធូរដៃខ្លះចំពោះការប្រុងប្រយ័ត្ន និងថាដរាបណាថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩មិនទាន់រកឃើញទេ យើងមិនអាចធ្វេសប្រហែសបានឡើយ។ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងដៃគូជាតិ និងអន្តរជាតិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាបន្តបន្ទាប់ ទោះបីមានការប្រឈមនឹងបញ្ហាថ្មីៗក៏ដោយ។ សម្ដេចបានមានប្រសាសន៍ថាបញ្ហាថ្មីៗចុងក្រោយនេះ គឺការប្រឈមមុខនឹងបញ្ហាជីវភាពរបស់ពលរដ្ឋ ពិសេសមុខសញ្ញាងាយរងគ្រោះក្នុងអំពើជួញដូរមនុស្ស និងក្រុមប្រជាពលរដ្ឋជាពលករដែលប៉ុនប៉ងលួចឆ្លងដែនចូលទៅប្រទេសថៃ។ជាថ្មីម្ដងទៀត សម្ដេចបានស្នើសមត្ថកិច្ចតាមព្រំដែនទាំងអស់ ពិសេសរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស។ សម្ដេចក្រឡាហោម ក៏បានបន្តជំរុញលើកទឹកចិត្តឱ្យបង្កើនការផ្សព្វផ្សាយអំពីហានីភ័យសម្រាប់ពលករនៅក្រៅប្រទេសដោយត្រូវសហការជាមួយស្ថានទូតនៅប្រទេសមានពលករទៅធ្វើការនូវលទ្ធភាពផ្សេងៗដែលអាចនាំឱ្យងាយរងគ្រោះដោយអំពោះកេងប្រវ័ញ្ច និងការជួញដូរក្រោមរូបភាពផ្សេងៗ។សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានកត់សំគាល់អំពីលទ្ធផលនៃការបង្ក្រាបអំពើជួញដូរមនុស្ស និងនីតិវិធីតុលាការពាក់ព័ន្ធនឹងការងារនេះដែរ ដោយសម្ដេចបានឆ្លៀតយកឱកាសនេះ បង្ហាញការគាំទ្រជាថ្មីទៀតចំពោះយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលបាន និងកំពុងដឹកនាំដោយរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌។សម្ដេចបានចាត់ទុកយុទ្ធនាការនេះថាជាការឈានទៅដោះស្រាយភាពអសកម្មមួយចំនួនដូចជាភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលនាំឱ្យខាត បង់ថវិកាជាតិផង នាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំផង និងនាំឱ្យមានការរិះគន់ពីអង្គការ និងសហគមន៍អន្តរជាតិផង។ពាក់ព័ន្ធនឹងយុទ្ធនាការដែលអាចឈានទៅដោះលែងអ្នកជាប់ឃុំមួយចំនួន ដូចជាជនដែលអនុវត្តទោសបានជិតរួលរាល់ ឬមានទោសក្នុងកម្រិតស្រាលជាដើមនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានគិតគូរជាមុនហើយអំពីលទ្ធភាពនៃការគ្រប់គ្រង និងតាមដានអ្នកទាំងនោះ ពោលគឺប្រសិនបើពួកគេបន្តប្រព្រឹត្តល្មើសបន្ទាប់ពីមានសេរីភាព នោះការទទួលខុសត្រូវផ្លូវច្បាប់នឹងកាន់តែមានទំងន់ធ្ងន់ជាងមុន៕


 

 

 

 

 

 

 

 

 

 

 


   

Official Telegram NCCT Cambodia