កិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ

BY SOM SIVWIN

Published on 28 Jan, 2020

(រាជធានីភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ អគ្គលេខាធិការដ្ឋានគណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានប្រារព្ធកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ចំពោះកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាមួយគ.ជ.ប.ជ អស់រយៈកាល៥ឆ្នាំកន្លងមក ដល់សមាគម អង្គការជាតិ-អន្តរជាតិចំនួន៥៦ ក្រុមហ៊ុនឯកជនចំនួន៤ ដែលប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានស្តីទីលេខាធិការដ្ឋានរដ្ឋបាល-សរុប ប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អង្គការដៃគូអភិវឌ្ឍនានាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សនៅប្រទេសកម្ពុជា និងវិស័យឯកជនជាច្រើនរូប ។

ក្នុងកិច្ចប្រជុំនេះលោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានសង្កត់ធ្ងន់ទៅលើមូលហេតុដែលចាំបាច់ត្រូវរួមគ្នាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះថាការរំលោភបំពានកម្លាំង ពលកម្ម ផ្លូវភេទ ជាពិសេសការជួញដូរមនុស្ស ជាទូទៅមិនមានរូបរាង ឬភស្ដុតាងច្បាស់លាស់ទេ បើមានករណីកើតឡើង ក្រោយការរាយការណ៍ មានការសន្និដ្ឋានបថម គឺត្រូវការស្រាវជ្រាវអង្កេតតាមដានចំណាយពេលយូរ រហូតឈានដល់ការចាប់ខ្លួនជនល្មើស និងកាត់ទោស។ ការងារត្រូវរត់ពីក្រោយជនល្មើស ដែលត្រូវការបន្ថែមល្បឿនដាច់ខាត ដូច្នេះ កិច្ចសហការគឺជាការចាំបាច់ លោកជំទាវ ក៏បានអំពាវនាវឱ្យគ្រប់វិស័យទាំងអស់ត្រូវតែកុំព្រងើយកន្តើយចំពោះបញ្ហាជួញដូរមនុស្សនេះ មិនថាតែរដ្ឋាភិបាល ក្រសួងមន្ទីរស្ថាប័ន អង្គការ សមាគម វិស័យឯកជននោះទេ ទាំងសាលារៀន ប្រជាជន ក្រុមហ៊ុនសំលៀកបំពាក់ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចំណីអាហារ ដឹកជញ្ជូន។ល។ សូម្បីតែក្រុមហ៊ុនអចលនទ្រព្យ ក៏ត្រូវដឹងលឺ និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងដែរ ៕

 

 


   

Official Telegram NCCT Cambodia