ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍»

BY SOM SIVWIN

Published on 30 Oct, 2019

(សៀមរាប)៖ ថ្ងៃពុធ ៣កើត ខែកត្តិក ឯកស័ក ព.ស២៥៦៣ ត្រូវនឹងព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជាបានរៀបចំ ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលកិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស , គណៈប្រតិភូឡាវ ដឹកនាំដោយនាយនគរបាលជាន់ខ្ពស់បណ្ឌិត ផេងសាវ៉ាញ់ ធីផាវងសាយ អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈឡាវ និង គណៈប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ អោង ធូ អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មីយ៉ាន់ម៉ា ព្រមទាំងមានតំណាងក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា , តំណាងស្ថានទូតមីយ៉ាន់ម៉ា , ស្ថានទូតឡាវ,អភិបាល អភិបាលរងខេត្តជាប់ព្រំដែនថៃ ,កងកម្លាំងប្រដាប់អាវុធ,ដៃគូជាតិ និងអន្តរជាតិពាក់ព័ន្ធ ជាច្រើនរូប។

កិច្ចប្រជុំពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ៖ ទី១. ស្វែងយល់អំពីស្ថានភាព និងទំនោរនៃទេសន្តរប្រវេសន៍បច្ចុប្បន្ន ដើម្បីរិះរកវិធានការ ក្នុងការលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍មិនប្រក្រតី ការជួញដូរមនុស្ស និងរាល់ទម្រង់នៃអំពើកេងប្រវ័ញ្ចក្នុងវដ្តនៃទេសន្តរប្រវេសន៍ និងលើកកម្ពស់ ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ និង ទី២. កំណត់រកបញ្ហារួម និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាទាំងនោះ តាមរយៈការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការងារបង្ការទប់ស្កាត់ ការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះ នៅក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាក្នុងប្រទេសគោលដៅ ៕

 

 


   

Official Telegram NCCT Cambodia