ពិធីចុះហត្ថ អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ ជាមួយ ដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 19 Sep, 2019

(ក្រសួងមហាផ្ទៃ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីចុះហត្ថលេខា បន្តអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ ជាមួយ ដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចំនួនពីរ រួមមានអង្គការសកម្មភាពដើម្បីកុមារ(APLE) និងអង្គភាពការពារកុមារ នៃអង្គការមូលនីធិកុមារកម្ពុជា(CCF) ស្តីពី «ការចូលរួមចំណែកលើសកម្មភាពមនុស្សធម៌ក្នុងកិច្ចការពារកុមារនៅកម្ពុជា» ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ បង្រ្កាប សង្រ្គោះ ការពារ និងផ្តន្ទាទោស លើអំពើរំលោភបំពាន និងកេងវឲប្រវ័ញ្ចផ្លូវភេទលើកុមារគ្រប់ទម្រង់ និងពង្រឹងសមត្ថភាពឆ្លើយតបរបស់ ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ។លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាតំណាងភាគីហត្ថលេខាក្រសួងមហាផ្ទៃ បានសំដែងនូវ ក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ កិច្ចសហការល្អ និងកិច្ចខិតខំប្រឹងប្រែង កន្លងមកក្នុងភាពជាដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់អង្គការទាំងពីរ។ លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីកុមារ (APLE) បានសម្តែងនូវអំណរគុណ និងបានរាយការណ៍ជាសង្ខបនៅគម្រោង ដែលអនុវត្តកន្លងមក ក៏ដូចជាបាន លើកឡើងនូវទិសដៅ ជាផែនការអនុវត្តលើគម្រោង ចំនួន៤សំខាន់ៗ រួមមាន៖  ការសហការប្រមូលពត៌មាន សម្រាប់ជំនួយដល់នីតិវិធីច្បាប់, ការសហការក្នុងការធ្វើអន្តរាគមន៍ និងសង្គ្រោះ ការសហការសម្របសម្រួល ក្នុងការលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាព  ការសហការសិក្សាស្រាវជ្រាវ និងតស៊ូមតិ ដើម្បីវិភាគ ចងក្រងរបាយការណ៍ អំពីរបកគំហើញ និងអនុសាសន៍។ លោក James Mc Cabe នាយកទទួលបន្ទុកអនុវត្តគម្រោង របស់អង្គភាពការពារកុមារ(CPU) នៃអង្គការមូលនីធិកុមារកម្ពុជា(CCF) បានរាយការណ៍ ជាសង្ខេបនូវលទ្ធផលជោគជ័យ  បានពីកិច្ចសហការកន្លងមកជាមួយនាយកដ្ឋានជំនាញ នៃក្រសួងមហាផ្ទៃ  លើកិច្ចការពារកុមារ និងបានសម្តែងនូវគោលបំណង ក្នុងការបន្តអនុវត្តនូវកម្មវិធីក្នុងគោលដៅ ជួយគាំទ្រដល់កម្លាំងនគរបាលជាតិ តាមរយៈការបន្តអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងមហាផ្ទៃ ។ដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងពីរក៏បាន ប្តេជ្ញា អនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងគោរពស្មារតីនៃការយោគយល់គ្នា ដូចមានចែង ក្នុងអនុស្សរណៈ ។

នៅរសៀលថ្ងៃដដែល នៅទីស្តីការក្រសួងមហាផ្ទៃអគារS ក៏មានកម្មវិធីបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា  រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ជាមួយអង្គការសម្ព័ន្ធចាប់ដៃ និងអង្គការដែនដីមនុស្ស-ហូឡង់ប្រចាំកម្ពុជា កម្មវិធីនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងប្រធានគ.ជ.ប.ជ  ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក/លោកស្រីជាតំណាងមកពីក្រសួង  ស្ថាប័ន-អង្គការដៃគូអភិវឌ្ឍន៍។គោលបំណងនៃអនុស្សារណៈនេះ។  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាតំណាងភាគីហត្ថលេខារបស់គ.ជ.ប.ជ បានសំដែងនូវក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហការល្អ និងកិច្ចខិតខំប្រឹងប្រែង កន្លងមកក្នុងភាពជាដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់អង្គការទាំងពីរ៕

 

 

 

 

 


   

Official Telegram NCCT Cambodia