លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធី «យុទ្ធនាការដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាប»

BY SOM SIVWIN

Published on 19 Oct, 2024

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរិ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានរៀបចំនៅកម្មវិធីយុទ្ធនាការដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស ដោយមានកិច្ចសហការជាមួយអង្គការ A21 ប្រចាំខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គជបជ អមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គជបជ មានលោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ឯកឧត្តម ឧ.ទោ នី គឹមស្រេន អគ្គលេខាធិការរង លោកឧ.ត្រី អិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ និងមន្រ្តីនៃលេខាធិការដ្ឋាន គ.ជ.ប.ជ មួយចំនួន ។  

យុទ្ធនាការនេះ គីព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងពិភពលោក ដោយបានទាក់ទាញអ្នកចូលរួមជាង ១០០០នាក់ រួមមានឯកឧត្តម លោកជំទាវ តំណាងអន្តរជាតិ និង លោក Nick និងChristine Caine ស្ថាបនិកអង្គការអេ២១ ព្រមទាំងថ្នាក់ ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា នារីការិទ្ធកម្ពុជា សិស្សានុសិស្ស និង វិស័យឯកជន ចំនួនប្រមាណជា១ពាន់នាក់ មន្ត្រីរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច របស់ខេត្តសៀមរាប អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអនុវត្តន៍ច្បាប់  អ្នកមានឥទ្ធិពលនៅលើបណ្តាញទំនាក់ទំនងសង្គម យុវជន និងសមាជិកសហគមន៍ ។ កម្មវិធីដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស ជាយុទ្ធនាការសកលមួយ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីអំពើជួញដូរមនុស្ស និងតស៊ូមតិដើម្បីសេរីភាពសម្រាប់ជនរងគ្រោះ ។

នៅក្នុងឱកាសនោះផងដែរ កញ្ញា Kristen Scharf នាយិកាអង្គការអេ២១ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់អំពីវិបត្តិអំពើជួញដូរមនុស្សនៅទូទាំងពិភពលោក បានជះឥទ្ធិពលលើគ្រប់ប្រជាជាតិ និងទីតាំងភូមិសាស្ត្រទាំងអស់​ ហេីយសារសំខាន់ ជាសកលនៃព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅខេត្ត ក្រុងចំនួន ៤០០ នៃ​ ៤២ប្រទេសនៅលើពិភពលោក ។ កញ្ញានាយិកាប្រចាំប្រទេសកម្ពុជា បានធ្វើការកត់សម្គាល់ថា “ថ្ងៃនេះមិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះឡើយ ពោលគឺ វាជាសេចក្តីប្រកាសមួយ ហើយក៏ជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់ទៅកាន់ប្រជាជាតិរបស់យើង និងពិភពលោកថា ប្រទេសកម្ពុជា បន្តរួបរួមគ្នាប្រឆាំងនឹងអំពើជួញដូរមនុស្ស” ។ កញ្ញាក៏បានលើកទឹកចិត្តអ្នកចូលរួមឱ្យបន្តស្វែងរក មតិគាំទ្រនៅក្នុងសហគមន៍របស់ពួកគេ គាំទ្រជនរួចជីវិតពីគ្រោះថ្នាក់ និងបន្តទទួលបានព័ត៌មានដើម្បី ការពារសុវត្ថិភាពខ្លួនឯងពីអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច។

នៅក្នុងពិធីបើកយុទ្ធនាការដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាបនេះ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) រួចមកលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានគូសបញ្ជាក់ថា កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ នាឱកាសនោះ លោកជំទាវ បានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជា មួយនឹងព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស ដែលត្រូវបានរៀបចំឡើងនៅខេត្តក្រុងចំនួន ៤០០ នៅ៤២ប្រទេស លើកពិភពលោកនេះ ។

លោកជំទាវ បានសង្កត់ធ្ងន់ថា៖ «ក្នុងព្រឹត្តិការណ៍នេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចគាំពារជនរងគ្រោះ។ ជាការកត់សម្គាល់ចំពោះការរៀបចំព្រឹត្តិការណ៍ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាប រយៈពេលបីឆ្នាំជាប់គ្នានេះ បានប្រមូលផ្តុំសហគមន៍ចម្រុះគ្នា ក្នុងការបង្ហាញអំពីក្តីសង្ឃឹម និងភាពធន់ដែលជំរុញនូវជំហរឯកភាពមួយប្រឆាំងនឹងបញ្ហាសកលដ៏បន្ទាន់នេះ»។ ដើម្បីបុព្វហេតុនេះ ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងបានជំរុញឱ្យមានវិធានការនានាសំដៅសម្រេចបានពេលអនាគតមួយ ដែលគ្មានអំពើកេងប្រវ័ញ្ច ។ លោកជំទាវបញ្ជាក់ថា៖«ដើមី្បភាពសុខសាន្តរបស់ប្រជាជាតិនៅលើពិភពលោក និយាយដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា យើងត្រូវរួមដៃគ្នាដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា»។ បន្ថែមពីនេះ លោកជំទាវបានថ្លែងអំណរគុណដៃគូប្រទេសជាមិត្តទាំងអស់ដែលធ្វើជាសាកី្សថា កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយយើងធ្វើដំណើរទៅមុខ ដើមី្បជោគជ័យជាចុងក្រោយ ក្នុងការការពារមនុស្ស ការពារអ្នករស់រានមានជីវិតជំនាន់ក្រោយឱ្យរួចផុតពីគ្រោះថ្នាក់ដោយអំពើជួញដូរមនុស្សនេះ ៕

\

 

 


   

Official Telegram NCCT Cambodia