លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម Joseph Scheuer ប្រធានក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជា

BY SOM SIVWIN

Published on 16 Jan, 2024

ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងទី១៦ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ «ឧត្តរមានជ័យ» នៃទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ រួមជាមួយឯកឧត្តម សៅ សុភៈ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណសំខាន់ អគ្គលេខា នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារឹទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ លោកស្រី ឧត្តមសេនីយ៍ទោ  ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រី សូ សារិន កងរាជអាវុធហត្ថ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ពីអគ្គលេខាធិការដ្ឋាន និងបណ្តាក្រសួង និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀត​  បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម Joseph Scheuer ប្រធានក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមានលោកស្រី Roueida El Hage តំណាងOHCHR លោកស្រី Alissa Chaker តំណាងអង្គការ UNDP និងលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការ IOM ចូលរួមដែរ ។

កិច្ចពិភាក្សានេះ​បានផ្តោតជាសំខាន់ លើ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពីអង្គការ សហប្រជាជាតិ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយថ្មីៗនេះ ក៏ទើបតែបានចុះហត្ថលេខាលើអនុស្សរណៈ ដែលស្តីពីការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ជាតិកម្ពុជា រយៈពេលប្រាំឆ្នាំផងដែរ ។ ដោយឡែក ចំពោះ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម Joseph Scheuer បានបញ្ជាក់ថា គឺជាអាទិភាពមួយ​ដែលអង្គការសហប្រជាជាតិបានយកចិត្តទុកដាក់ ព្រោះ វាអាចរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍន៍ជាតិ ដែល​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅធ្វើឲ្យសម្រេច ជាជំហានៗ ផងដែរ។ ឯកឧត្តម មានគម្រោង នឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ដើម្បីពិភាក្សាលើគម្រោងមួយចំនួន ដែលសង្ឃឹមថា នឹងអាចជួយឲ្យប្រសើរឡើងនូវគោលដៅដែលគណៈកម្មាធិការជាតិ (គ.ជ.ប.ជ) បានគ្រោងទុក ។ ឯកឧត្តម បានបញ្ជាក់អំពីចំណុចខ្វះខាតក្នុងការផ្សព្វផ្សាយនូវរបាយការណ៍ ដែលមិនមានភាពមូលដ្ឋានជាក់លាក់ នាំឲ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិច្ចសហការកន្លងមក និងសន្យាថា នឹងធ្វើការកែលម្អនីតិវិធីនៃការផ្សព្វផ្សាយទិន្នន័យ ដោយផ្តោតលើរបាយការណ៍រួមរបស់ គ.ជ.ប.ជ ។  

ជាការឆ្លើយតប លោកជំទាវ ជូ​ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ តំណាងគ.ជ.ប.ជ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Joseph Scheuer ប្រធានក្រុមអង្គការសហប្រជាជាតិ ក៏ដូចជា តំណាងអង្គការសហប្រជាជាតិទាំងអស់ ប្រចាំនៅកម្ពុជា ដែលបានបញ្ជាក់អំពីជំហររបស់ខ្លួន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវក៏បានសម្តែងនូវអំណរសាទរ ក្នុងនាម គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថា កម្ពុជារីករាយនឹងបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរជាមួយគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសអង្គការសហប្រជាជាតិ ដើម្បីធ្វើឲ្យសម្រេចគោលដៅចម្បងៗ ក្នុងនោះ មានជាអាទិ៍៖ (១) តាមដានសភាពការប្រែប្រួលនៃបទល្មើសជួញដូរមនុស្ស និងរិះរកវិធានការឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព (២) ពង្រឹងនិងពង្រីកកិច្ចសហការឱ្យកាន់តែទូលំទូលាយ ជាមួយគ្រប់ភាគីដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ បណ្តាប្រទេស ក្នុងតំបន់ និងក្នុងពិភាពលោក  (៣) បន្តជំរុញការអនុវត្តនូវអនុស្សារណៈ កិច្ចព្រមព្រៀង និងស្តង់ដានីតិវិធីប្រតិបត្តិ ទ្វេភាគី ពហុភាគី ដែលមានស្រាប់ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ (៤) ផែនការយុទ្ធសាស្រ្ត ជាតិ ២០២៤-២០២៨ នឹងគ្របដណ្តប់គ្រប់សកម្ម​ភាពរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលឯកសារនេះនឹងត្រូវធ្វើឲ្យសម្រេច ក្នុងត្រីមាសទិ១ ឆ្នាំ២០២៤នេះ និង (៤) ពង្រឹងរចនាសម្ព័ន្ធដែលត្រូវបានកែសម្រួលក្នុងនីតិកាលទី៧នេះ និងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តឲ្យកាន់តែមានសក្តានុពលខ្ពស់ដើម្បីធ្វើឲ្យសម្រេចគោលដៅដែលបានគ្រោងទុក ។

 កិច្ចពិភាក្សា បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ៕


   

Official Telegram NCCT Cambodia