Published on 13 Dec, 2023
ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស »
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានរៀបចំ មិទ្ទិញអបអរសាទរ «ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស» ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ និងលោកជំទាវ ។ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៣.០០០អង្គ/នាក់ ។
យោងតាមប្រសាសន៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស និងការកេងប្រវ័ញ្ច គ្រប់រូបភាព។ យុទ្ធនាការនេះ ក៏ជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបានជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។
បើតាមរបាយការណ៍របស់លោកជំទាវ លើកឡើង នៅក្នុងរយៈពេល ១៦ខែកន្លងមកនេះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលសំណើ ចំនួន ១ ២៧៦ ករណី និងបានចេញធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១ ២១៣ ករណី ស្មើទៅនឹង ៩៧,៧០ ភាគរយ។ របាយការណ៍បន្តថា ចំពោះសំណើសុំអន្តរាគមន៍ទាំង ១ ២៧៦ សំណើនេះ គឺទទួលបានតាមរយៈហ្វេសប៊ុក (Facebook page)លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ ក៏ដូចជា តាមប្រព័ន្ធផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
នៅក្នុងឱកាសដ៏សែនអធិកអាធមនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធាន គជបជ បានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលតែងតែបាន និងកំពុងញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ» ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នា ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈទេសន្តរប្រវេសន៍។ ឯកឧត្តម បានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងរំលោភសិទ្ធិមនុស្ស ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលបានធ្វើប៉ះពាល់ដល់កម្ពុជា និងពិភពលោក បានធ្វើឱ្យកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះ ៕