ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជូនដល់មន្រ្តីរាជការ និងអាជ្ញាធរដែនដីចំនួន២ស្រុក មានស្រុកថ្មបាំង និងស្រុកកោះកុង របស់រដ្ឋបាលខេត្តកោះកុង

BY SOM SIVWIN

Published on 24 Mar, 2022

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជូនដល់មន្រ្តីរាជការ និងអាជ្ញាធរដែនដីចំនួន២ស្រុក មានស្រុកថ្មបាំង និងស្រុកកោះកុង របស់រដ្ឋបាលខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តកោះកុង ដោយមានកិច្ចសហការ ជាមួយអង្គការ អាស៊ានអាក់ (Asian Act) ។ មានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធាន គ.ខ.ប.ជ និងមានវត្តមានអញ្ជើញចូលរួមក្នុងពិធី ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរងទទួលបន្ទុកការងារជួយជនរងគ្រោះ និងការងារសប្រតិបត្តិការជាតិអន្តរជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកប្រធានក្រុមការងារបង្ការទប់ស្កាត់ និងអនុប្រធានក្រុមជំនួយកិច្ចការ ទេសន្តរប្រវេសន៍ ក្រុមសហប្រតិបត្តិការជាតិ អន្តរជាតិ មន្រ្តីរបស់លេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួម ជាសិក្ខាកាម មានមន្ត្រីរដ្ឋបាលសាលាខេត្ត ក្រុមការងារគ.ខ.ប.ជ អាជ្ញាធរដែនដី មានមន្រ្តីរដ្ឋបាលស្រុក ឃុំ ភូមិ ប្រធាន គ.ក.ស.ក អភិបាលរងស្រុក អធិការរងស្រុក/ក្រុង កងរាជអាវុធហត្ថស្រុក មេឃុំ ប៉ូលីសតាមបណ្តា ប៉ុស្តិ៍រដ្ឋបាល មន្រ្តីទទួលបន្ទុកកិច្ចការនារីឃុំ អ.ក.ន.ក មន្រ្តី ក្រុង ស្រុក/ក្រុង អញ្ជើញមកពី២ស្រុក មានស្រុកថ្មបាំង និងស្រុកកោះកុង ។ វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ ផងដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ច កំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ ពីនីតិវិធី និងអាចប្រើប្រាស់ បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋម ដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផល និងព័ត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការ ណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ បង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់ សេវាបឋមជូនដល់ជនរងគ្រោះ ។

អញ្ជើញមានមតិចាប់អារម្មណ៍ និងធ្វើសេចក្តីរាយការណ៍ខ្លី ស្តីអំពីស្ថានភាពរបស់រដ្ឋបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ជូ ប៊ុនង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកោះកុង និងក្នុងនាមតំណាងមន្ត្រីរាជការក្នុងខេត្ត លោកជំទាវបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ ជ ប ជ ដែលបានផ្តល់កិត្តិយសអញ្ជើញជា អធិតីក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ។ លោកជំទាវ អភិបាលខេត្តបានថ្លែងបញ្ជាក់បន្ថែម វត្តមានរបស់លោក លោកស្រី ពិតជាបានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ជាមួយមន្ត្រីអនុវត្តផ្ទាល់នៅថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងនៅតាមមូលដ្ឋាន ដើម្បីអនុវត្តភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ឆ្ពោះទៅកាន់គោលដៅរួមតែមួយគឺដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់មនុស្សជាតិ ។

អញ្ជើញមានមតិចាប់អារម្មណ៍ ក្នុងពិធីបើកវគ្គនេះលោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដែលប្រកាស ដាក់ឲប្រើប្រាស់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូន ទៅគោលដៅ ផ្តល់សេវា ជាក់លាក់ ។ ម្យ៉ាងទៀតវគ្គនេះវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ នឹងផ្តល់ឱ្យលោក លោកស្រី ដែលជាសិក្ខាកាម មានការយល់ដឹងកាន់តែច្បាស់អំពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយ អំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប” ដែលជាកត្តាមួយយ៉ាងសំខាន់ ក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលខាងមុខកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល និងសំនូមពរសិក្ខាកាមទាំងអស់ ចូលរួមផ្តល់មតិយោបល់ ឲ្យបានផុលផុសទៅលើខ្លឹមសារនៃមេរៀនគោលការណ៍ណែនាំនេះផងដែរ ។

 

 


   

Official Telegram NCCT Cambodia