លោកជំទាវ ជូ ប៊ុនអេង បានជួបសំណេះសំណាលជាមួយពលករទេសន្តរប្រវេសន៍ជាស្រ្តី ស្រ្តីមានផ្ទៃពោះ និងងាយរងគ្រោះ ស្តីពីការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងរងគ្រោះដោយទឹកជំនន់ របស់សហគមន៍ដែលជួបការលំបាកនៅក្នុងស្រុកបរវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង

BY SOM SIVWIN

Published on 28 Oct, 2020

ស្រុកបរវេល-ស្រុកថ្មគោល៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនឹងលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវឧត្តមឯកវេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកស្រីអភិបាលរងខេត្តបាត់ដំបង អគ្គលេខាធិការរង ប្រធាន/អនុប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ  លោកអភិបាលស្រុក អភិបាលរងស្រុក អាជ្ញាធរដែនដីភូមិ ឃុំ សមត្ថកិច្ចនគរបាល អាវុធហត្ថ បាន ជួបសំណេះសំណាលជាមួយពលករទេសន្តរប្រវេសន៍ជាស្រ្តី ស្រ្តីមានផ្ទៃពោះ និងងាយរងគ្រោះ ស្តីពីការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ របស់សហគមន៍ដែលជួបការលំបាកដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងប្រគល់សម្ភារ:ប្រើប្រាស់មួយចំនួនដែលបានពីការចូលរួមឧបត្ថម្ភពី អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ និងពីអង្គការដៃគូរអភិវឌ្ឍមាន យូអិនអេហ្វភីអេ UNFPA និងអង្គការHAGAR  ចំនួន២០០នាក់ ដោយមួយគ្រួសារទទួលបាន ធីបមួយកញ្ចប់ (ក្នុងនោះមាន មីមួយកេស សាប៊ូលាងដៃ សារុង ក្រមា ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ជែលសម្រាប់លាងដៃ ) ទៅដល់ប្រជាពលរដ្ឋដែលទើបវិលត្រលប់ពីក្រៅប្រទេស នៅក្នុងស្រុកបរវេល និងថ្មគោល ខេត្តបាត់ដំបង។

ថ្លែងក្នុងអង្គវេទិកា លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ កោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុក ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។ លោកជំទាវបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងតែកើតមានជំងឺកូវីដ១៩ ៕


   

Official Telegram NCCT Cambodia