កិច្ចប្រជុំពិភាក្សា ថ្នាក់ដឹកនាំជំនាញក្រុមការងារអន្តរក្រសួង និងស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២០

BY SOM SIVWIN

Published on 07 Aug, 2020

(ទីស្តី្កការក្រសួងមហាផ្ទៃ)៖ ព្រឹកថ្ងៃព្រហស្បតិ៍  ២រោច  ខែស្រាពណ៍  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី០៦  ខែសីហា  ឆ្នាំ២០២០ សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកកិច្ចប្រជុំ  ថ្នាក់ដឹកនាំជំនាញក្រុមការងារអន្តរក្រសួង  និងស្ថាប័នទាំង៦  ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅសាលប្រជុំអគារA  ដោយមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មានក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច អគ្គស្នងការនគរបាលជាតិ តំណាងពីក្រសួងការបរទេសស្ថាប័នតុលាការ និងតំណាងពីអង្គភាពមានសមត្ថកិច្ចជាសមាជិក នៃគ.ជ.ប.ជ ។ គួររំលឹកផងដែរ កិច្ចប្រជុំនាពេលព្រឹកនេះ គឺកិច្ចប្រជុំ ប្រចាំឆមាសទី១ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ហើយកិច្ចប្រជុំនេះ ក៏ធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ក្រសួងអន្តរស្ថាប័ន អង្គភាពជាសមាជិក និងថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០។

សូមជម្រាបថា យោងតាមរបាយការណ៍សង្ខេប របស់លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ សម្រាប់កិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា សកម្មភាពលទ្ធផល និងភាពប្រឈម និងទិសដៅដែលគណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានប្រឹងប្រែងអនុវត្តកន្លងមក មានដូចខាងក្រោម៖ ទី១-ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ក្រសួងស្ថាប័នរាជធានី-ខេត្ត បានបន្តសកម្មភាពរបស់ខ្លួន ទៅតាមទិសដៅគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈម នឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពាក់ព័ន្ធនឹងស្ថានភាពប្រែប្រួល នៃសេដ្ឋកិច្ចពិភពលោក និងបន្ថែមដោយវិបត្តិ នៃការរាតត្បាត ដោយជំងឺកូវីដ-១៩។ ទី២-ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារ ផ្ដោតការយកចិត្តទុកដាក់បន្ថែម ទៅលើបញ្ហាវិបត្តិកូវីដ-១៩ ដែលជាភាពប្រឈមថ្មី និងដែលជះឥទ្ធិពល ដល់ការអនុវត្តសកម្មភាពគ្រប់វិស័យ ធ្វើឲ្យរាំងស្ទះដោយអន្លើ និងត្រូវបន្ថែមភារកិច្ច ក្នុងការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់ លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសអ្នក ដែលត្រឡប់ពីប្រទេសក្រៅ ដែលមានចំនួនច្រើនលើសលប់ និងភាគច្រើន ជាអ្នកដែលខ្វះលទ្ធភាព ក្នុងការទ្រទ្រង់ជីវភាព ហើយងាយរងគ្រោះ។ ទី៣-អាជ្ញាធរ សមត្ថកិច្ច និងលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ក្រោមជាតិ និងអង្គការដៃគូ បានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែន ទទួលសង្គ្រោះពលករ ដែលវិលត្រឡប់តាមច្រក មិនផ្លូវការទាំងយប់ទាំងថ្ងៃ ពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័ក តាមវិធានសុខាភិបាល ផ្ដល់អាហារ ត្រៀមមធ្យោបាយដឹកជញ្ជូន ឲ្យបានដល់លំនៅដ្ឋាន។ ​ទី៣-បន្តតាមដានស្ថានភាពសុខភាព ជីវភាព និងផ្ដល់សេវាតាមតម្រូវការផ្សេងៗ និងបន្តតាមដានស្ថានភាព នៅពេលធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍ ដែលពួកគាត់រស់នៅ។ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ប្រធានគ.ជ.ប.ជ បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ខិតខំ​បំពេញការងារ​តាម​ជំនាញ និង​តាម​គោលដៅ​រៀង​ៗ​ខ្លួន​របស់​ក្រុមការងារ​ទាំង​៦ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត ទោះបីជា​កម្ពុជា មាន​ឧបសគ្គ​ប​ន្ទុ​ច​បង្អាក់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ឬ​ការ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​ជំងឺឆ្លង​កូ​វី​ដ​១៩​យ៉ាងណា ក៏​មិន​បាន​បោះបង់​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​អត់ធ្មត់ តស៊ូ ព្យាយាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែរ ៕​​

 

 


   

Official Telegram NCCT Cambodia