Published on 14 Jun, 2018
(ទីស្តីការក្រសួងមហាផ្ទៃ) ៖ នៅពេលរសៀល ថ្ងៃអង្គារ ១៤រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំ ផែនការយុទ្ធសាស្រ្តជាតិ ០៥ឆ្នាំបន្ត ២០១៩-២០២៣ ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ឯកឧត្តមនាយឧត្តមសេនីយ៍ ថោង សំអាត អគ្គលេខាធិការ នៃ គ.ជ.ប.ជ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯ.ឧ លោកជំទាវ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋានរដ្ឋបាល សរុប ប្រធានក្រុមជំនួយកិច្ចការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯ.ឧ លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការដៃគូ ក្រៅរដ្ឋាភិបាលជាច្រើនទៀត។
ផែនការសកម្មភាព និងយុទ្ធសាស្រ្តស្តីពីការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស ២០១៩-២០២៣ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ដើម្បីប្រមូលធាតុចូលពីគ្រប់ផ្នែក គ្រប់កម្រិត និងគំនិតផ្តួតផ្តើមសម្រាប់កសាងយុទ្ធសាស្រ្ត និងសកម្មភាពជាក់លាក់ដែលត្រូវអនុវត្ត។ សកម្មភាពមួយចំនួន ត្រូវបានអនុវត្តក្នុងឆ្នាំ២០១៨ រួចហើយដែលនឹងត្រូវបន្តអនុវត្តនៅឆ្នំាបន្តបន្ទាប់ទៀត។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់អនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានជម្រុញអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងពិធីសារស្តីពីការទប់ស្កាត់ ការបង្រ្កាប និងដាក់ទណ្ឌកម្មការជួញដូរមនុស្សជាពិសេសស្រ្តី និងកុមារដែលព្រះរាជាណាចក្រកម្ពុជាចូលជាភាគី។